ប្រធានាធិបតីអាមេរិកលោក Joe Biden និយាយថា រដ្ឋាភិបាលអ៊ីស្រាអែល និងប្រទេសលីបង់បានព្រមព្រៀងលើបទឈប់បាញ់គ្នារវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ Hezbollah ហើយ។ លោក Biden បានធ្វើការប្រកាសបែបនោះនៅក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ។
លោកបាននិយាយថា កិច្ចព្រមព្រៀងនោះនឹងមានប្រសិទ្ធិភាពនៅម៉ោង ៤ ព្រឹកថ្ងៃពុធនេះម៉ោងក្នុងស្រុក។ លោកថា ការប្រយុទ្ធគ្នាឆ្លងព្រំដែនលីបង់-អ៊ីស្រាអែលនឹងបញ្ចប់ ហើយនេះក៏ត្រូវបានរៀបចំឡើងដើម្បីជាការបញ្ឈប់អរិភាពជាអចិន្ត្រៃយ៍។ បន្ទាប់មក Biden បានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីកិច្ចព្រមព្រៀងនេះផងដែរ។
លោក Biden បានបញ្ជាក់ថា ក្នុងរយៈពេល ៦០ ថ្ងៃខាងមុខ កងទ័ពលីបង់ និងកងកម្លាំងសន្តិសុខរដ្ឋនឹងដាក់ពង្រាយ និងគ្រប់គ្រងទឹកដីរបស់ពួកគេម្តងទៀត។ ហេដ្ឋារចនាសម្ព័ន្ធភេរវករ Hezbollah នឹងមិនត្រូវបានអនុញ្ញាតឱ្យសាងសង់ឡើងវិញនោះទេ។ កិច្ចព្រមព្រៀងនេះអំពាវនាវឲ្យកងកម្លាំងអ៊ីស្រាអែលដកខ្លួនចេញពីតំបន់នេះក្នុងរយៈពេលដូចគ្នា។
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបាននិយាយថាសមាជិកនៃគណៈរដ្ឋមន្ត្រីសង្គ្រាមអ៊ីស្រាអែលបានយល់ព្រមលើកិច្ចព្រមព្រៀងនេះ។
នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកចាត់ទុកកិច្ចព្រមព្រៀងនេះជាជំហានជាមូលដ្ឋានឆ្ពោះទៅរកការបង្កើតភាពស្ងប់ស្ងាត់ និងស្ថិរភាព។ លោកបានបន្ថែមថា វានឹងដាក់មូលដ្ឋានគ្រឹះសម្រាប់ការវិលត្រឡប់របស់ប្រជាជនដែលត្រូវបានផ្លាស់ប្តូរទីលំនៅដោយការប្រយុទ្ធគ្នាទៅកាន់ទីលំនៅវិញ៕
ដោយ៖ ពេជ្រ