ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបាននគរបាលជំនាញនៃប្រឆាំងបទល្មើសគ្រឿងញៀនឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅត្រង់ចំណុចចម្ការស្វាយចន្ទី ស្ថិតក្នុងភូមិប៉ាណល ឃុំទីងចាក់ ស្រុកបរកែវ។
យោងតាមរបាយការណ៍ពីនគរបាលស្រុកបរកែវ បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ ពីលោក កង សារឿន អភិបាល នៃគណ:អភិបាលស្រុកបកែវ ស្ដីពីការបង្ការទប់ស្កាត់ បញ្ហាគ្រឿងញៀននៅក្នុងភូមិសាស្ត្រស្រុកបរកែវ ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ជួប វណ្ណារក្ស អធិការ នៃអធិការដ្ឋាននគរបាលស្រុកបរកែវ ។
សមត្ថកិច្ចជំនាញផែនប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកបរកែវ ដឹកនាំដោយលោកអនុសេនីយ៍ឯក ភ្លុក វិចិត្រ សហការណ៍ជាមួយកម្លាំងវេនប្រចាំបញ្ជា ដោយមានការសម្របសម្រួលនិតិវិធី ពីលោក លាង អ៊ូព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី បានចុះបង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ចំនួន០១ករណី បានឃាត់ខ្លួនជនសង្ស័យចំនួន០១មុខសញ្ញា។
របាយការណ៍បានបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង២ និង២៥នាទីរសៀល កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកបរកែវ សហការណ៍ជាមួយកម្លាំងនគរបាលវេនប្រចាំបញ្ជា នៃអធិការដ្ឋាននគរបាលស្រុកបរកែវ បានចុះដើរល្បាត ក្នុងភូមិសាស្រ្តស្រុកបរកែវ ពេលទៅដល់ចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិប៉ាណល ក៏ប្រទះឃើញជនសង្ស័យចំនួន១នាក់ (មុខសញ្ញាជួញដូរគ្រឿងញៀន)។ កំពុងជិះម៉ូតូ ដោយមានការសង្ស័យ សមត្ថកិច្ចយើងក៏បានហៅសួរនាំ នៅពេលលឺសមត្ថកិច្ចយើងហៅជនសង្ស័យក៏បានបើកម៉ូតូរត់ ហើយសមត្ថកិច្ចយើងដេញតាមជនសង្ស័យ ពេលនោះជនសង្ស័យបានផ្ដួលម៉ូតូសមត្ថកិច្ចយើងដេញចាប់បាន និងធ្វើការឆែកឆេរលើដងខ្លួនជនសង្ស័យ រកឃើញគ្រឿងញៀនចំនួន២កញ្ចប់ នៅក្នុងហោប៉ាវខោររបស់ជនសង្ស័យ។
ក្រោយពីធ្វើការឃាត់ខ្លួន និងឆែកឆេររួចសមត្ថកិច្ចយើងក៏យកជនសង្ស័យមកអធិការរដ្ឋាននគរបាលស្រុកបរកែវ ដើម្បីសួរនាំ និងអនុវត្តតាមនិតិវិធី។
ជនសង្ស័យឈ្មោះ ទីង ឃុត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិទំពួន បានដកហូតសម្ភាររួមមាន៖
១-ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់(១កញ្ចប់ធំ និង១កញ្ចប់តូច)
២-ទូរស័ព្ទដៃចំនួន១គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើត្រូវបានឃាត់ និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដេីម្បីបន្តរនិតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី ចាត់ការតាមនីតិវិធីច្បាប់៕