ទំនើបកម្មកសិកម្មចិនឆ្ពោះទៅសហគមន៍ច្នៃប្រឌិតសកល

«មានស្បៀងក្នុងដៃ មិនភិតភ័យក្នុងចិត្ត» ជាឃ្លាដ៏សាមញ្ញពោរពេញដោយអត្ថន័យមហាសាលសម្រាប់សន្តិសុខស្បៀងដែលបានផ្តល់កម្លាំងចលករដ៏សំខាន់ដល់វិស័យកសិកម្មរបស់ប្រទេសចិនឱ្យកាន់តែមានសន្ទុះកើនឡើងជាលំដាប់ ដែលនេះជាប្រសាសន៍ប្រកបដោយគតិបណ្ឌិតរបស់លោក Xi Jinping ប្រធានរដ្ឋចិនបានលើកទឹកចិត្តដល់ប្រជាកសិករចិនបង្កើននវានុវត្តភាពកាន់តែខ្លាំងក្លាលើផលិតភាពកសិផលដោយផ្អែកលើសុវត្ថិភាពជាចម្បង។ ទាក់ទងនឹងស្ថានការណ៍ពាក់ព័ន្ធនៃការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ជនបទថែមមួយកម្រិតទៀតនិងការជំរុញយ៉ាងប្រាកដប្រជានូវការស្តារនិងអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានគូសបញ្ជាក់ថា ស្បៀងនិងផលិតផលកសិកម្មសំខាន់ៗមានកំណើនដោយនឹងនរ។ ទិន្នផលស្បៀងពេញមួយឆ្នាំបានបង្កើតកំណត់ត្រាថ្មីដោយលើសពីចំនួន០,៧ទី្រលានគីឡូក្រាម។ សមិទ្ធផលទាំងនេះកើតចេញពីគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការស្តារ និងការអភិវឌ្ឍជនបទក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ដោយផ្តោតទៅលើនវានុវត្តន៍និងបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ រួមជាមួយកសិកម្មឌីជីថល។

«សន្តិសុខស្បៀងគឺជាផលប្រយោជន៍ជាមូលដ្ឋានបំផុតរបស់ប្រទេស» បានក្លាយជាកម្មវិធីនយោបាយនៅគ្រប់លំដាប់ថ្នាក់នៃរចនាសម្ព័ន្ធរបស់រដ្ឋាភិបាលចិន ដោយបានចាត់ទុកថា អាហារគឺជាតម្រូវការចាំបាច់បំផុតរបស់មនុស្សជាតិ។ ក្នុងន័យនេះ ការអភិវឌ្ឍជនបទដោយបន្ថែមសម្រស់បៃតងភាពកាន់តែខៀវស្រងាត់ ដែលនាំឱ្យសង្គមនៅជនបទមានភាពសុខដុមរមនា បានក្លាយជាគោលដៅចុងក្រោយរបស់រដ្ឋាភិបាលចិន។ គម្រោង«Small and Smart»បាននិងកំពុងអនុវត្តនៅគ្រប់ទិសទីក្នុងប្រទេសចិន ជាក់ស្តែង បច្ចេកវិទ្យាឈានមុខគេដូចជា ការចាប់សញ្ញាពីចម្ងាយពីផ្កាយរណបBeidou និងឧបករណ៍គ្រឿងយន្តកសិកម្មឆ្លាតវៃបានជួយបំប្លែងដីស្រែធម្មតាទូទាំងប្រទេសទៅជាកសិដ្ឋានឆ្លាតវៃជាមួយនឹងការរួមបញ្ចូលបច្ចេកវិទ្យាព័ត៌មានខ្ពស់ បង្កើនប្រសិទ្ធភាព កាត់បន្ថយការចំណាយ និងទិន្នផលដំណាំល្អ។ វឌ្ឍនភាពនៅជនបទគឺជាជះឥទ្ធិពលវិជ្ជមានដ៏ល្អប្រសើរដល់ការអភិវឌ្ឍជាតិតាមគំរូសេដ្ឋកិច្ចបៃតង ហើយបានជំរុញការកសាងទីជនបទក្លាយជាតំបន់ពោរពេញដោយមនោរម្យភាពទាក់ទាញការរស់នៅ ការកម្សាន្ត រួមជាមួយការវិនិយោគ ដែលកត្តាទាំងនេះបានផ្តល់ជាបច្ច័យទានដល់រដ្ឋាភិបាលចិនសម្រេចបាននូវការកសាងជនបទដ៏ស្រស់ស្អាតដែលក្នុងនោះផ្លូវថ្នល់ជនបទដែលសាងសង់ថ្មីនិងជួសជុលឡើងវិញមានប្រវែង១សែន៣ម៉ឺនគីឡូម៉ែត្រ អត្រាមានទឹកស្អាតប្រើប្រាស់នៅជនបទឡើងដល់៩៤% អត្រាគ្រប់ដណ្តប់នៃសេវាបញ្ញើអីវ៉ាន់រហ័សតាមភូមិនិងជនបទមានចំនួនលើសពី៩៥%។

«ជនបទរីកចម្រើន ប្រទេសចិនរីកចម្រើន» ជាឃ្លាដែពោរពេញដោយភាពប្រាកដប្រជារបស់បក្សកុម្មុយនិស្តចិនដែលតែងរក្សាបាននូវគោលបំណងដើមរបស់ខ្លួន ដែលតែងបម្រើដល់ប្រជាជនចិនស្របតាមគោលការណ៍ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ឬប្រជាធិបតេយ្យតាមបែបផែនចិន។ បើទោះបីជាមានភាពរីកចម្រើនខ្លាំងផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ប្រទេសចិននៅតែជាប្រទេសកសិកម្មដ៏ធំមួយ ដែលតែងបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពជនបទ ហើយតាមរយៈប្រាជ្ញាចិនក្នុងការជម្នះបាននូវរាល់ឧបសគ្គនានា ទើបជាលទ្ធផលយើងឃើញថា ប្រាក់ចំណូលដែលអាចប្រើប្រាស់បានគិតជាមធ្យមសម្រាប់មនុស្សម្នាក់ៗរបស់កសិករចិនក្នុងឆ្នាំ២០២៤ឡើងដល់ចំនួន២៣១១៩ប្រាក់យាន់ចិន។ ការអភិវឌ្ឍជនបទប្រទេសចិនបានផ្សារភ្ជាប់យ៉ាងមាំជាមួយនឹងប្រព័ន្ធសេដ្ឋកិច្ចបៃតងនិងការពង្រឹងអត្តសញ្ញាណវប្បធម៌កសិកម្មរបស់ខ្លួនថែមទៀតផង ជាក់ស្តែងកាលពីឆ្នាំ២០២២ អង្គការស្បៀងនិងកសិកម្មរបស់អង្គការសហប្រជាជាតិបានទទួលស្គាល់ជាផ្លូវការថា ប្រព័ន្ធកសិកម្មប្រពៃណីចំនួន៣របស់ចិនជាសម្បត្តិបេតិកភណ្ឌវប្បធម៌ខាងវិស័យកសិកម្មដ៏សំខាន់លើពិភពលោក ពោលគឺប្រព័ន្ធវប្បធម៌តែTie Guanyinនៃស្រុកAnxi ខេត្តFujian ប្រព័ន្ធគង្វាលសត្វនៅវាលស្មៅAlukeerqinនៃភូមិភាគម៉ុងហ្គោលីក្នុងនិងប្រព័ន្ធស្រែតាមជម្រាលភ្នំShiyanនៃស្រុកShe ខេត្តHebei។ គិតរហូតដល់បច្ចុប្បន្ននេះ សម្បត្តិបេតិកភណ្ឌវប្បធម៌ខាងវិស័យកសិកម្មរបស់ប្រទេសចិនមានចំនួនឡើងដល់១៨កន្លែងដែលបានឈរនៅលំដាប់ទី១លើពិភពលោក។

 «កសិកម្មឆ្នើម ជនបទថ្មី» ជាសារលើកទឹកចិត្តកាន់តែខ្លាំងក្លាដល់កសិករក្នុងការចូលរួមក្រោមឆ័ត្រយន្តការរបស់រដ្ឋាភិបាលចិនដើម្បីជំរុញការផ្លាស់ប្តូរជាវិជ្ជមាននៅជនបទរបស់ប្រទេសចិនពីការពឹងផ្អែកទាំងស្រុងលើកសិកម្មប្រពៃណី ទៅជាការទទួលយកជាមូលដ្ឋាននិងជានិរន្តរ៍នូវបច្ចេកវិទ្យាកសិកម្មវៃឆ្លាត និងការធ្វើទំនើបកម្ម។ កសិកម្មរបស់ចិន បានក្លាយជាគំរូ ជាបទពិសោធន៍ដ៏ជោគជ័យដែលមិនត្រឹមតែជាសមិទ្ធផលលុបបំបាត់ភាពក្រីក្រ និងការផ្តល់ជូននូវកំណើនប្រាក់ចំណូលដែលអាចប្រើប្រាស់បានគិតជាមធ្យមសម្រាប់មនុស្សម្នាក់ៗរបស់កសិករដែលចេញផុតពីភាពក្រីក្រខ្ពស់ជាងកម្រិតជាមធ្យមនៅទូទាំងប្រទេសចិនប៉ុណ្ណោះទេ តែថែមទាំងជាមេរៀន ជាគន្លឹះនៃការដោះលេខកូដសម្ងាត់ ជាផ្លូវវាងទៅរកវឌ្ឍនភាពសង្គមដែលពោរពេញដោយការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមគោលដៅរបស់អង្គការសហប្រជាជាតិ និងកៀកជាប់ជាមួយគោលបំណងនិងក្តីសុបិនរួមរបស់មនុស្សជាតិថែមទៀតផង។ ក្នុងន័យនេះ ផលដែលប្រជាកសិករចិនកំពុងទទួលបានពន្លាតឬសគល់នៃបទពិសោធន៍ចាក់ចូលទៅគ្រប់ស្រទាប់សង្គមរបស់មនុស្សជាតិក្នុងពិភពលោកលើវិស័យកសិកម្ម។

ជារួម ដោយចេញដំណើរយ៉ាងស្វាហាប់ នាសតវត្សរ៍ទី២១នេះជាសតវត្សរ៍ដែលចិនខ្លាំង ជាសតវត្សរ៍ពោរពេញមនុស្សជាតិទទួលបានកាន់តែងាយស្រួលពីបទពិសោធន៍ជាច្រើនចែករំលែកដោយប្រទេសចិន ជាពិសេសទំនើបកម្មកសិកម្មចិនដែលនេះជាសញ្ញាណដោយបើកចំហសម្រាប់ពិភពលោកឆ្ពោះទៅសហគមន៍ច្នៃប្រឌិតសកលក្នុងចរន្តពហុប៉ូលដើម្បីប្រកៀកស្មាកាន់តែណែនដើរលើវិថីក្រាលសន្តិភាពនិងអភិវឌ្ឍដោយប្រាជ្ញាចិនស្តីពីកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិក្នុងយុគសម័យថ្មី។

ដោយបណ្ឌិត ជា មុនីឫទ្ធិ

ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

Written by 

Related posts

Leave a Comment