ទួរគី ជំរុញ EU បញ្ជាក់ឲ្យច្បាស់ថាតើអ៊ុយក្រែនអាចចូលណាតូបានដែរឬទេ?

ប្រទេសទួរគីកាលពីថ្ងៃច័ន្ទម្សិលមិញបានជំរុញឲ្យសហភាពអ៊ឺរ៉ុបត្រូវតែបង្ហាញជំហរច្បាស់លាស់លើតម្រូវការសម្រាប់វិធីសាស្រ្តជាក់ស្តែងចំពោះសេចក្តីប្រាថ្នាក្លាយជាសមាជិកភាពរបស់អង្គការណាតូរបស់អ៊ុយក្រែន។ការជំរុញបែបនោះដោយសារតែមានការព្រួយបារម្ភផ្នែកសន្តិសុខដែលនឹងកាន់តែធ្ងន់ធ្ងរក្រោយការដេញថ្លៃរបស់ Kyiv ដើម្បីបានចូលរួមសម្ព័ន្ធភាពណាតូ។

 រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg ថា យើងនឹងមិនជំទាស់ទេប្រសិនបើអ៊ុយក្រែនចង់ក្លាយជាសមាជិកណាតូ ប៉ុន្តែយើងត្រូវតែមានភាពប្រាកដនិយមបំផុត ពីព្រោះយើងធ្លាប់បាននិយាយដោយបើកចំហហើយថា យើងពេញចិត្តនឹងឲ្យអ៊ុយក្រែនចូលជាសមាជិកណាតូ។ ដូច្នេះសម្រាប់សហភាពអ៊ឺរ៉ុបត្រូវតែបញ្ជាក់ឲ្យច្បាស់លើករណីអ៊ុយក្រែននេះ។

 នៅពេលត្រូវបានសួរថាតើការផ្លាស់ប្តូររដ្ឋបាលរបស់សហរដ្ឋអាមេរិកកំពុងមានឥទ្ធិពលលើជំហររបស់ទីក្រុងវ៉ាស៊ីនតោនលើសមាជិកភាពរបស់អង្គការណាតូរបស់អ៊ុយក្រែនឬយ៉ាងណានោះ លោក Fidan បានកត់សម្គាល់ថា បញ្ហានេះលោកមិនប្រាកដថា តើរដ្ឋបាលពីមុនក៏ពេញចិត្តចំពោះអ៊ុយក្រែនចូលរួមជាមួយអង្គការណាតូដែរឬយ៉ាងណាទេ ដូច្នេះខ្ញុំគិតថាមិនមានគោលនយោបាយថ្មីលើរឿងនេះទ្បើយសម្រាប់វ៉ាស៊ីនតោន។ លោក​បាន​ចង្អុល​បង្ហាញ​ថា ការ​ពិភាក្សា​បន្ត​អំពី​មហិច្ឆតា​អង្គការ​ណាតូ​របស់​អ៊ុយក្រែន​នៅ​តែ​បន្ត​រវាង​ទួរគី​ ដៃគូ​អឺរ៉ុប និង​មន្ត្រី​អ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសទួរគី បានសង្កត់ធ្ងន់ថា យើងត្រូវតែយល់អំពីការពិតមួយនោះគឺប្រជាជនអ៊ុយក្រែនកំពុងស្នើសុំចូលជាសមាជិកភាពរបស់អង្គការ NATO មិនមែនដោយសារតែសម្រាប់សមាជិកណាតូប៉ុណ្ណោះទេ។ ប៉ុន្តែការពិតនោះគឺពួកគេគ្រាន់តែចង់ឃើញការធានាសន្តិសុខអចិន្ត្រៃយ៍សម្រាប់ប្រទេសរបស់ពួកគេតែប៉ុណ្ណោះ។

លោក Fidan ក៏បានលើកទ្បើងដែរថា “ឥឡូវនេះការធានាសុវត្ថិភាពសម្រាប់ការមិនចង់ឃើញសង្រ្គាមកើតឡើងម្តងទៀតនៅអ៊ុយក្រែន គឺជាសំណួរចម្បងតែមួយគត់ដែលយើងកំពុងពិភាក្សានៅក្នុងការចរចា”។ លោកបានបន្ថែមថា “ដូច្នេះ អ្វីដែលប្រជាជនអ៊ុយក្រែនចង់បាន គឺសមាជិកភាពរបស់អង្គការណាតូ ព្រោះថា បើមិនបង្កើតសម្ព័ន្ធអន្តរជាតិដ៏ធំមួយ ដើម្បីដាក់ពង្រាយកងរក្សាសន្តិសុខតាមខ្សែព្រំដែនជាមួយរុស្ស៊ីនោះទេ ច្បាស់ណាស់វាមិនអាចធានាសន្តិសុខបានសម្រាប់អ៊ុយក្រែននោះទ្បើយ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment