ទេសរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាថ្នាក់តំបន់ស្តីពីចីរភាពប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភសម្រាប់អនាគត (Future Forum on Sustaining Food Systems- Securing Futures, Bridging Nations, Transforming Nutrition) នៅសណ្ឋាគារសាន់&មូនរីវើសាយ, រាជធានីភ្នំពេញ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងអំណរគុណចំពោះអ្នកចូលរួមទាំងអស់ដែលបានរួមចំណែកយ៉ាងសកម្មផ្តល់ជាមតិ និងការតាំងចិត្តនៅក្នុងវេទិកាដែលមានរយៈពេលប្រាំថ្ងៃនេះ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ការពិភាក្សារបស់យើងបានបង្ហាញយ៉ាងច្បាស់ថាបញ្ហាប្រឈមដែលយើងជួបប្រទះរាប់ចាប់ពីការប្រែប្រួលអាកាសធាតុ រហូតដល់តម្រូវការនៃប្រព័ន្ធស្បៀង ប្រកបដោយសមធម៌ និងចីរភាព ទាមទារឱ្យមានសកម្មភាពរួមគ្នា និងនវានុវត្តន៍នៅទូទាំងវិស័យ និងតំបន់។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា វេទិកាថ្នាក់តំបន់នេះបានឆ្លុះបញ្ចាំងពីទិដ្ឋភាពដ៏ទូលំទូលាយដូចជា៖
១. ការរួបរួមគ្នាដោយវត្ថុបំណង (Unity in Purpose) ៖ យើងបានមើលឃើញពីរបៀបដែលកិច្ចសហប្រតិបត្តិការក្នុងប្រទេស និងរវាងប្រទេសនិងប្រទេស ជាពិសេសតាមរយៈការធ្វើសហប្រតិបត្តិការត្បូង-ត្បូង(South-South Exchange) បានបង្កើននូវដំណោះស្រាយទាំងបរិមាណ និងគុណភាព និងជំរុញភាពជាដៃគូពិតប្រាកដរបស់យើង។
២. ចក្ខុវិស័យបែបសន្តនិយម (Holistic Vision) ៖ ទំនាក់ទំនងរវាងវិស័យកសិកម្ម ប្រព័ន្ធស្បៀង អាហារូបត្ថម្ភ អាកាសធាតុ និងការផ្លាស់ប្តូរអាកប្បកិរិយាសង្គមបានចាក់ឬសជ្រៅក្នុងកិច្ចសន្ទនារបស់យើង។ តាមរយៈការទទួលយកវិធីសាស្រ្តរួមបញ្ចូលគ្នានេះ (Integrated Approaches) គោលនយោបាយនឹងមានភាពធន់ សមភាព និងមានផលជះល្អទៅក្នុងសង្គម។
៣.ពីការប្តេជ្ញាចិត្តទៅជាសកម្មភាព(Commitments to Actions) ៖ កម្ពុជាមានមោទនភាពដែលបានធ្វើជាម្ចាស់ផ្ទះនៃវេទិកាដ៏សំខាន់នេះ។

ឯកឧត្តមបណ្ឌិត បានថ្លែងបញ្ជាក់ថាតាមរយៈវេទិកានេះ យើងនឹងបន្តជំរុញការពិភាក្សា និងយកលទ្ធផលនៃការពិភាក្សាទាំងនេះទៅផ្សព្វផ្សាយនៅកម្រិតជាតិ តំបន់ និងពិភពលោក រួមទាំងនៅក្នុងគំនិតផ្តួចផ្តើមផ្សេងៗរួមមាន អាហារូបត្ថម្ភសម្រាប់ការលូតលាស់ ចលនាបង្កើនអាហារូបត្ថម្ភ កិច្ចប្រជុំកំពូលប្រព័ន្ធស្បៀងរបស់អង្គការសហប្រជាជាតិ និងសន្និសីទអាកាសធាតុពិភពលោក។
ក្នុងឱកាសនោះផងដែរ ក៏មានការប្រកាសនូវសេចក្តីថ្លែងការណ៍រួមនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង (Declaration of South-South Exchange) ដែលបង្ហាញពីការប្តេជ្ញាចិត្ត និងផ្លូវឆ្ពោះទៅអនាគតដែលនឹងត្រូវធ្វើដំណើររួមគ្នា៕





