អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយអះអាងកាលពីថ្ងៃសៅរ៍ថា លោកប្រធានាធិបតី Donald Trump មានទំនុកចិត្តលើសមត្ថភាពរបស់គាត់ក្នុងការចរចារកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន ដោយលើកឡើងថា សង្រ្គាមដែលមានរយៈពេល ៣ ឆ្នាំ អាចនឹងបញ្ចប់ភ្លាមៗនៅសប្តាហ៍នេះ។

លោកស្រី Leavitt បានប្រាប់អ្នកយកព័ត៌មាននៅ South Lawn បន្ទាប់ពីត្រឡប់ពីសន្និសីទសកម្មភាពនយោបាយអភិរក្សនិយម (CPAC) ។ លោកស្រីថ្លែងថា លោកប្រធានាធិបតី និងក្រុមរបស់គាត់ផ្តោតយ៉ាងខ្លាំងលើការបន្តការចរចាជាមួយភាគីទាំងពីរនៃសង្រ្គាមនេះ ដើម្បីបញ្ចប់ជម្លោះ ហើយប្រធានាធិបតីមានទំនុកចិត្តយ៉ាងខ្លាំងថាយើងអាចធ្វើវាបានក្នុងសប្តាហ៍នេះ។
ការកត់សម្គាល់នេះបានធ្វើឡើងបន្ទាប់ពីលោក Trump បានអះអាងថាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy មិនមានកាតឬសិទ្ធិចូលក្នុងតុចរចានោះទេ ហើយគួរតែត្រូវបានគេដកចេញពីការចរចាសន្តិភាពនាពេលអនាគតជាមួយមេដឹកនាំអន្តរជាតិ។
លោកស្រី Leavitt បាននិយាយថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក Matt Waltz នឹងធ្វើការជុំវិញនាឡិកា នៅចុងសប្តាហ៍នេះ លើកិច្ចព្រមព្រៀងមួយ ហើយបានកត់សម្គាល់ថា រដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent ក៏បានចូលរួមក្នុងការពិភាក្សាលើកិច្ចព្រមព្រៀងដែលបានស្នើឡើងជាមួយអ៊ុយក្រែន ដើម្បីទាញយករ៉ែឆៅផងដែរ។ លោកស្រីបញ្ជាក់ថា បញ្ហារ៉ែកម្រនៅអ៊ុយក្រែន គឺជារឿងដ៏សំខាន់ណាស់សម្រាប់ប្រធានាធិបតី Trump ព្រោះវានឹងអាចទាញយកប្រាក់ពន្ធអាមេរិកដែលផ្តល់ឲ្យអ៊ុយក្រែនដ៏ច្រើនសន្ធឹកសន្ធាប់នោះមកវិញ។
លោកស្រី Leavitt បានបន្ថែមថា ផ្តើមពីរ៉ែកម្រនោះ វាក៏នឹងក្លាយជាដៃគូសេដ្ឋកិច្ចដ៏អស្ចារ្យរវាងសហរដ្ឋអាមេរិក និងប្រជាជនអ៊ុយក្រែន ក៏ដូចជាពួកគេមានលទ្ធភាពកសាងប្រទេសរបស់ពួកគេឡើងវិញ បន្ទាប់ពីសង្គ្រាមដ៏ឃោរឃៅនេះ៕

ដោយ៖ ពេជ្រ