ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា លោក នឹងមិនហោះទៅកាន់ទីក្រុងមូស្គូ ដើម្បីចូលរួមក្បួនដង្ហែដែលរៀបចំឡើងក្នុងរដ្ឋធានីរុស្ស៊ី នាឱកាសខួបលើកទី ៨០ នៃជ័យជំនះសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ នោះទេ។

ការលើកឡើងបែបនេះរបស់លោក ត្រាំ កើតឡើងបន្ទាប់ពីទស្សនាវដ្ដីប្រចាំសប្តាហ៍របស់បារាំង Le Point បានរាយការណ៍ កាលពីដើមសប្តាហ៍ថា លោក នឹងទៅទស្សនកិច្ចទីក្រុងមូស្គូ នៅថ្ងៃទី ៩ ខែឧសភា ហើយជួបជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin ផងដែរ ។
ទន្ទឹមនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា នៅក្នុងការសន្ទនាតាមទូរស័ព្ទថា មេដឹកនាំទាំង ២ យល់ព្រមរក្សាទំនាក់ទំនង និងរៀបចំឱ្យមានកិច្ចប្រជុំដោយផ្ទាល់។
ដោយឡែក រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា នៅពេលជំនួបរវាងប្រធានាធិបតីទាំង ២ នោះ ពិភពលោកនឹងជូនដំណឹងជាសាធារណៈ ៕

ដោយ៖ ពេជ្រ