ការដំឡើងពន្ធគយរបស់លោកត្រាំបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចពិភពលោក

ការគ្រប់គ្រងជម្លោះ និងវិបត្តិចិន-អាម៉េរិក គឺមានសារៈសំខាន់ណាស់ ព្រោះថាប្រទេសទាំងពីរនេះអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរដល់ពិភពលោក។ បើយើងក្រឡេកមើលសង្រ្គាមពាណិជ្ជកម្មរវាងចិន និង អាម៉េរិកវិញ នេះជាការសំដៅទៅលើជម្លោះសេដ្ឋកិច្ចដែលកំពុងបន្ត និង ការប្រកួតប្រជែងរវាងប្រទេសទាំងពីរ ពាក់ព័ន្ធជាមួយនឹងពន្ធនាំចូល និង របាំងពាណិជ្ជកម្មផ្សេងទៀតលើទំនិញ និង សេវាកម្មរបស់គ្នាទៅវិញទៅមក។ សង្រ្គាមពាណិជ្ជកម្មបានចាប់ផ្តើមនៅឆ្នាំ២០១៨ នៅពេលដែលលោក ដូណាល់ ត្រាំ បានចោទប្រកាន់ប្រទេសចិនពីការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ និង ការលួចកម្មសិទ្ធិបញ្ញា ហើយបានចាប់ផ្តើមសកម្មភាពតម្លើងពន្ធជាបន្តបន្ទាប់ប្រឆាំងនឹងប្រទេសចិន។ ប្រទេសចិនបានឆ្លើយតបជាមួយនឹងពន្ធគយ និង វិធានការតបតផ្សេងៗរបស់ខ្លួន ហើយជម្លោះនេះបានឈានដល់ការប្រឈមមុខដាក់គ្នា បានរីកសាយលើបច្ចេកវិទ្យា សន្តិសុខ និង សិទ្ធិមនុស្ស ។ សង្រ្គាមពាណិជ្ជកម្មបានជះឥទ្ធិពលអវិជ្ជមានដល់ប្រទេសទាំងពីរ និងសេដ្ឋកិច្ចពិភពលោក ដូចជាការយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ច ការកាត់បន្ថយពាណិជ្ជកម្ម ការបង្កើនការចំណាយ និង ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។

សង្គ្រាមពាណិជ្ជកម្មរវាងចិន និង អាម៉េរិក ជាជម្លោះដ៏យូរអង្វែង។ សង្គ្រាមពាណិជ្ជកម្មកំពុងតែបង្កការបំផ្លិចបំផ្លាញសេដ្ឋកិច្ច បណ្តាប្រទេសជាប់ពាក់ព័ន្ធ ។ អស់រយៈពេល ៧០ ឆ្នាំមកហើយ ពាណិជ្ជកម្មសកលត្រូវបានគាំទ្រដោយនីតិរដ្ឋ និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលទទួលខុសត្រូវលើការវិនិច្ឆ័យដោយមិនលំអៀងចំពោះជម្លោះពាណិជ្ជកម្ម។ ប៉ុន្តែចាប់ពីឆ្នាំ ២០១៧ មក អាម៉េរិកបានដកការគាំទ្ររបស់ខ្លួនចេញពីអង្គការពាណិជ្ជកម្មពិភពលោក និង បានចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មជាមួយចិន។ នៅពេលថ្មីៗនេះ សហរដ្ឋអាម៉េរិកបានចូលរួមនៅក្នុងសង្គ្រាមពាណិជ្ជកម្ម មិនត្រឹមតែជាមួយប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ រួមមានអឺរ៉ុប និង បណ្តារប្រទេសជិតខាងរបស់ខ្លួនដូចជា ម៉ិចសិច និង កាណាដាជាដើម ដែលបានរួមចំណែកធ្វើឱ្យពិភពលោកទាំងមូលត្រូវប្រឈមមុខនឹងវិបត្តិដ៏ធំមួយទៀត ដែលនោះគឺ «ការបែកបាក់នៃប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ»។

ផ្ទុយទៅវិញ បើយោងតាមទិន្នន័យរបស់ Ceicdata ទំហំពាណិជ្ជកម្មរវាងចិននឹងអាម៉េរិកកើនដល់ នៅឆ្នាំ២០២៤ ដែលក្នុងនោះការនាំចេញរបស់ចិនទៅកាន់អាម៉េរិកមានចំនួន ៤៨.៨ ពាន់លានដុល្លារ ហើយមានការកើនឡើងចំនួន ១២% ធៀបនឹងឆ្នាំ២០២៣ ហើយនាំចូលពីសហរដ្ឋអាម៉េរិកវិញមានចំនួន ១៥,៣ពាន់លានដុល្លារ កើនឡើង ៧,៧% ធៀបនឹងឆ្នាំ២០២៣។ តាមរយៈទិន្នន័យខាងលើនេះបញ្ហាញថា ទោះជាទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹងក៏ដោយ ក៏ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានទំហំធំ ហើយមានកំណើនជាលំដាប់ បើទោះជារបាំងពន្ធ និង របាំងមិនមែនពន្ធលើពាណិជ្ជកម្មអន្តរជាតិក៏ដោយ។

ថ្មីៗនេះ ការដាក់របាំងពន្ធគយបន្ថែម១០%លើគ្រប់ទំនិញនាំចូលពីចិន ទៅកាន់អាម៉េរិក ហើយប្រទេសចិនក៏បានប្រកាសដាក់ពន្ធ១៥%លើទំនិញសំខាន់ៗមួយចំនួនដែលនាំចូលពីអាម៉េរិកផងដែរ រួមមានធ្យូងថ្ម និង ឧស្ម័នធម្មជាតិ និង ដាក់ពន្ធ ១០%លើប្រេងឥន្ធនៈផងដែរ។ ការដាក់របាំងពន្ធលើពាណិជ្ជកម្ម បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោក មានភាពមិនប្រាកដច្បាស់ ដែលរបាំងនេះ មិនមានផលចំណេញអ្វីសោះដល់ពិភពលោក។ របាំងពន្ធទាំងនេះ ត្រូវបានស្រូបយកដោយអ្នកប្រើប្រាស់ជាប្រជាជនអាមេរិក ដែលបានរួមចំណែកបង្កើននូវអត្រាអតិផរណាក្នុងសហរដ្ឋអាម៉េរិក និង បង្កឱ្យមានការតម្លើងការប្រាក់ខ្ពស់ជាដើម។

ទាំងនេះ បង្ហាញពីភាពមិនគោរពច្បាប់និងលក្ខខណ្ឌនានារបស់អង្គការពាណិជ្ជកម្មអន្តរជាតិរបស់អាម៉េរិក ហើយក៏បានបង្ហាញភាពខ្លាំងរបស់ចិនលើវិស័យផលិតកម្ម និង ពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងភាពជោគជ័យ នៃគំនិតផ្តួចផ្តើខ្សែក្រវ៉ាត់និងផ្លូវផងដែរ។ ចំពោះវិស័យផលិតកម្ម ចិននៅតែជាប្រទេសផ្គត់ផ្គង់ធំជាងគេបំផុតលើ ស្ទើរតែគ្រប់មុខទំនិញទាំងអស់ រួមមានផលិតកម្មដែលប្រើប្រាស់បច្ចេកវិទ្យាទាប រហូតផលិតកម្មដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់។ ក្នុងស្ថានភាពតានតឹងនៃទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងអាម៉េរិក ផលិតផលរបស់ចិនមួយចំណែកបានងាកមករកទីផ្សារនៅបណ្តាប្រទេសផ្សេង ជាពិសេសនៅតាមបណ្តាប្រទេសនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និង ផ្លូវ ដែលច្រកមួយទៀតនៃពាណិជ្ជកម្មរបស់ចិន ហើយបានធ្វើអំណាចពាណិជ្ជកម្មរបស់ចិននៅតែមានភាពរឹងមាំបើទោះជាអាមេរិកដាក់របាំងក៏ដោយ។ ជាលទ្ធផល ផលិតផលរបស់ចិននៅតែបន្តនាំចេញបាន ចំណែកឯទំនិញនៅសហរដ្ឋអាម៉េរិកបានឡើងថ្លៃ បង្កឱ្យក្លាយជាអតិផរណា និង មានផលប៉ះពាល់ដល់ការរស់នៅ និង ថវិកាជាតិ របស់អាម៉េរិកផងដែរ។

ការប្តេជ្ញាចិត្តរបស់រដ្ឋបាលត្រាំ ក្នុងការធ្វើឱ្យអាម៉េរិកអស្ចារ្យសារជាថ្មី នឹងឈានដល់ការធ្វើអាម៉េរិកខ្លួនឯង ឯកោ តាមរយៈការបង្កើតគូបដិបក្សថ្មីៗ ទាំងនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក អឺរ៉ុប និង អាម៉េរិកខ្លួនឯង ហើយជាការបើកឱកាសដល់ប្រទេសចិន ទទួលបានភាពជោគជ័យបន្ថែមទៀតលើ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងក្រោមក្របខ័ណ្ឌក្រុមសម្ព័ន្ធភាព BRICS, អង្គការសហប្រតិបត្តិការសៀងហៃ និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីជាដើម។ ប្រទេសចិននៅតែស្ថិតនៅក្នុងជំហរដ៏រឹងមាំមួយក្នុងការបង្រួបបង្រួមនិងពង្រឹងជំហររបស់ខ្លួន ខណៈពេលដែលសហរដ្ឋអាម៉េរិក និង សម្ព័ន្ធមិត្តរបស់ខ្លួនកំពុងតស៊ូជាមួយបញ្ហាសេដ្ឋកិច្ច ដូចជាឱនភាពសារពើពន្ធនិងកម្រិតបំណុល ខណៈពេលដែលប្រាក់ដុល្លារអាម៉េរិកក៏កំពុងធ្លាក់ចុះខ្សោយ។ ការកើនឡើងនៃការប្រកួតប្រជែងអំណាចរវាងសហរដ្ឋអាម៉េរិកនិងចិន ជាការកំណត់អនាគតនៃសណ្តាប់ធ្នាប់ក្នុងតំបន់នៅអាស៊ី។ នៅពេលនេះប្រទេសចិនកាន់តែមានសមត្ថភាពខ្ពស់ ក្នុងការជំរុញផលប្រយោជន៍ជាតិរបស់ខ្លួនឱ្យកាន់តែខ្លាំង ខណៈពេលដែលសហរដ្ឋអាម៉េរិកបានឈានឆ្ពោះទៅរកការប្រកួតប្រជែងជាយុទ្ធសាស្ត្រ និងការប្រឈមមុខដាក់គ្នា។ ទោះជាយ៉ាងណាក៏ដោយ ហានិភ័យទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងចិនអាចប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ និង រារាំងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងផ្នែកសន្តិសុខ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ថាមពល និងបរិស្ថានផងដែរ។

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍

ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

Written by 

Related posts

Leave a Comment