ខេត្តរតនគិរី÷ អភិបាលរងខេត្តនិងលោកអភិបាលស្រុកអូរជុំ បានដឹកនាំកម្លាំងចុះទៅទីតាំងដីចម្ការកៅស៊ូរបស់រដ្ឋ ដែលប្រជាពលរដ្ឋបាននាំគ្នាចាប់យកដីនិងដាក់បង្គោលព្រោងព្រាត ហើយថែមទាំងសង់រោងខ្ទមនៅក្នុងចម្ការកៅស៊ូយ៉ាងអនាធិបតេយ្យ។

កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក វ៉ាន់ សោភា អភិបាលរងខេត្ត យកសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ស.ជ.ណ លេខ០៥៧ ចុះថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២៥ ស្ដីពីការអនុវត្តវិធានការរុះរើដំណាំ ការបោះតង់ សង់រោងខ្ទម មិនរៀបរយ ដែលរំលោភទន្ទ្រានកាន់កាប់យកដីចម្ការកៅស៊ូរបស់រដ្ឋធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ស្ថិតនៅភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី(ចំណុចចម្ការកៅស៊ូរដ្ឋ)។
ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ÷ រគ ០០២៤៨២ (E០១០៨)កិច្ចសន្យាលេខ÷ ៤៨៤ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១០ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រុមហ៊ុនស្វីហ្វរ៉ាប់ប៊ើរ លីមីតធីតសេចក្តីជូនដំណឹងលេខ÷ ០៧០/២៤ ស.ជ.ណ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ របស់រដ្ឋបាលស្រុកអូរជុំ។

រដ្ឋបាលខេត្តរតនគីរី សូមជម្រាបជូនដំណឹងដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋដែលបានចូលរំលោភទន្ទ្រានកាន់កាប់ដាំដំណាំ បោះតង់ សង់រោងខ្ទម មិនរៀបរយដោយខុសច្បាប់ លើដីចម្ការកៅស៊ូរបស់រដ្ឋ ស្ថិតនៅភូមិ,ឃុំខាងលើ មេត្តាជ្រាបថា ដីដែលកំពុងរងការចូលរំលោភទន្ទ្រានកាន់កាប់ដោយខុសច្បាប់នេះ ស្ថិតនៅលើដីកម្មសិទ្ធិរបស់រដ្ឋ ដែលមានបានសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ÷ រគ ០០២៤៨២។ដូច្នេះរដ្ឋបាលខេត្តរតនគីរី តម្រូវឲ្យអ្នកដែលបានចូលរំលោភទន្ទ្រានកាន់កាប់ ដាំដំណាំ បោះតង់ សង់រោងខ្ទម មិនរៀបរយដោយខុសច្បាប់ នៅលើដីកម្មសិទ្ធិរបស់រដ្ឋនេះត្រូវធ្វើការរុះរើ រួចចាកចេញចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២៧:៣០នាទីជាកំហិត។
ផុតកាលបរិច្ឆេទនេះ ក្រុមការងារចម្រុះថ្នាក់ខេត្តនិងចាត់វិធានការរដ្ឋបាល ដោយធ្វើការរើសរើដោយបង្ខំនិងមិនទទួលខុសត្រូវចំពោះការខូចខាត ឬបាត់បង់ឡើយ។អាស្រ័យហេតុនេះសូមសាធារណៈជននិងអ្នកដែលកំពុងរំលោភទន្ទ្រានត្រូវអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះឲ្យបានប្រសិទ្ធភាព។

លោកអភិបាលរងខេត្តបានបញ្ជាក់ទៀតថា សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តយកទៅបិទនៅមុខខ្ទមនិងរបងដីដែលប្រជាពលរដ្ឋបោះបង្គោលអាណាធិបតេយ្យនោះ។
ហើយបើបងប្អូនប្រជាពលរដ្ឋណាដែលខ្វះខាតដីពិតប្រាកដមែននោះ ធ្វើលិខិតតាមរយៈលោកមេភូមិ ជូនទៅលោកអភិបាលខេត្ត ចំណែកដីដែលបោះបង្គោលនេះ គឺជាដីរបស់រដ្ឋ ដីមានប្លង់កម្មសិទ្ធិត្រឹមត្រូវ បើអ្នកជាប់ពាក់ព័ន្ធនៅពីខាងក្រោយមិនដកខ្លួនចេញជាបន្ទាន់ទេ អាចប្រឈមនិងផ្លូវច្បាប់។
លោកគៀង តុលា អភិបាលស្រុកអូរជុំបានបញ្ជាក់ដែរថា ប្រជាពលរដ្ឋដែលនាំគ្នាទៅបោះបង្គោល សង់រោងខ្ទម លោកបានណែនាំ៤ដងមកហើយដល់សាលាស្រុក ប៉ុន្តែប្រជាពលរដ្ឋទាំងនោះនៅតែមិនស្ដាប់មិនអនុវត្តតាម លោកមានតែធ្វើលិខិតមួយដាក់ជូនទៅឯកឧត្តមអភិបាលខេត្ត ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕




