បទវិភាគ៖ភាពយន្តរឿងយុទ្ធសិល្ប៍ទេវបុត្រណាចាវគ្គ២៖ “កង់ចក្រ”ត្រួសត្រាយរូបមន្តថ្មីនៃការផ្សព្វផ្សាយវប្បធម៌ចិននៅបរទេស

ប៉ុន្មានថ្ងៃជាប់មកនេះ ខណៈពេលដែលភាពយន្តរឿងយុទ្ធសិល្ប៍ទេវបុត្រណាចាវគ្គ២ដែលជាភាពយន្តគំនូរជីវចលផលិតដោយប្រទេសចិនបាននិងកំពុងចាក់បញ្ចាំងយ៉ាងក្តៅគគុកនៅទូទាំងពិភពលោក កុមារអាយុបីឆ្នាំក្នុងទេវកថាបុរាណចិននេះបានបណ្តាលឱ្យប្រព័ន្ធសារព័ត៌មានបរទេសមានការពិភាក្សាយ៉ាងសកម្ម។ យប់ថ្ងៃទី១៧ខែកុម្ភៈ  កំណត់ត្រាថ្មីបានប្រសូតឡើង៖ ប្រាក់ចំណូលមកពីការលក់សំបុត្រភាពយន្តរឿងយុទ្ធសិល្ប៍ទេវបុត្រណាចាវគ្គ២នៅទូទាំងពិភពលោកបានលើសពី១ម៉ឺន២ពាន់១រយ២៣លានយាន់ប្រាក់ចិន ដែលឈរនៅលេខរៀង៩ខាងមុខនៃតារាងទំហំលក់សំបុត្រភាពយន្តក្នុងប្រវត្តិសាស្ត្រភាពយន្តទូទាំងពិភពលោក ។

នៅប្រទេសចិន ឈ្មោះណាចាត្រូវបានប្រជាជនចិនក្មេងចាស់គ្រប់ក្រុមគ្រួសារស្គាល់ ។ កុមារនេះមិនត្រឹមតែជាតួអង្គក្នុងរឿងទេវកថាដែលមានស្មារតីអង់អាចក្លាហាននិងមានសមត្ថភាពខ្លាំងពូកែប៉ុណ្ណោះទេ ថែមទាំងក៏ជាតារាល្បីដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងចំណោមប្រជាជនចិនផងដែរ ។ ចាប់ពីបានចាក់បញ្ចាំងកាលពីថ្ងៃទី២៩ខែមករាឆ្នាំនេះមក  ភាពយន្តរឿងយុទ្ធសិល្ប៍ទេវបុត្រណាចាវគ្គ២បានបង្កើត “លើកដំបូង”ជាច្រើន ពោលគឺត្រឹមតែ៨ថ្ងៃនិង៥ម៉ោងប៉ុណ្ណោះក៏បានឈរនៅលេខរៀងទីមួយក្នុងតារាងទំហំលក់សំបុត្រភាពយន្តក្នុងប្រវត្តិសាស្ត្រភាពយន្តចិន ក្លាយជាជើងឯកក្នុងតារាងទំហំលក់សំបុត្រភាពយន្តក្នុងទីផ្សារភាពយន្តតែមួយលើទូទាំងពិភពលោក និងកាន់លំដាប់ថ្នាក់ទីពីរលើតារាងទំហំលក់សំបុត្រភាពយន្តគំនូរជីវចលសកលដែលក្នុងនាមជា”ភាពយន្តតែមួយគត់ដែលមិនមែនផលិតដោយ Hollywood” ។ល។

ប៉ុន្មានថ្ងៃកន្លងទៅនេះ  អត្រាចូលទស្សនាភាពយន្តនេះក្នុងទីផ្សារបរទេសដូចជា សហរដ្ឋអាមេរិក កាណដា អូស្ត្រាលីនិងនូវែលហ្សេឡង់ជាដើមបានលើសពី៩០ភាគរយដែលពិបាករកទិញសំបុត្របានណាស់ ។ ភាពយន្តនេះទទួលបានពិន្ទុខ្ពស់៨,៣លើវេបសាយ IMDBដែលជាវេបសាយដ៏ល្បីឈ្មោះអន្តរជាតិសម្រាប់វាយតម្លៃភាពយន្តនិងទូរទស្សន៍ ហើយអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតកាន់តែច្រើនឡើងៗបានពិភាក្សាយ៉ាងសកម្មអំពីកុមារទេពដ៏អស្ចារ្យលើបណ្តាញទំនាក់ទំនងសង្គម រហូតដល់ចាប់ផ្តើមរៀនសូត្រវប្បធម៌ប្រពៃណីចិនដោយម្ចាស់ការ។ល។

ហេតុអ្វីបានជាភាពយន្តរឿងយុទ្ធសិល្ប៍ទេវបុត្រណាចាវគ្គ២ត្រូវបានពេញនិយមយ៉ាងខ្លាំងនៅទូទាំងពិភពលោក? មូលហេតុសំខាន់គឺដោយសារវាមានខ្លឹមសារល្អ ។

បើមើលពីរឿងភាពយន្តនេះ ក៏ដូចគ្នានឹងល្បែង«Black Myth: Wukong» របស់ចិនដែលទទួលប្រជាប្រិយភាពយ៉ាងខ្លាំងនៅពេលមុននេះដែរ ភាពយន្តណាចាវគ្គ២បានកែលម្អតួអង្គទេវកថាបុរាណតាមសម័យទំនើប ដែលបង្ហាញពីរូបភាពវីរបុរសដែលតស៊ូយ៉ាងស្វិតស្វាញមិនចេះចុះចាញ់ជាដរាប បានធ្វើឱ្យទូទាំងពិភពលោកសុទ្ធតែអាចស្វែងយល់បាន ។តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មាន Reuters ឱ្យដឹងថា ការទទួលប្រជាប្រិយភាពនៃភាពយន្តណាចាវគ្គ២បានបញ្ជាក់ពីកម្លាំងទាក់ទាញដ៏ខ្លាំងក្លានៃ IP របស់ចិន ។

បើមើលពីការផលិតភាពយន្តនេះ បន្ទាប់ពីការផលិតយ៉ាងម៉ត់ចត់អស់រយៈពេល៥ឆ្នាំ  ប្លង់កាមេរ៉ាប្រកបដោយប្រសិទ្ធភាពពិសេសជិត២០០០ និងការផលិតយ៉ាងសម្រិតសម្រាំងនូវធាតុផ្សំដែលមានប្រសិទ្ធភាពពិសេសចំនួនលើសពី១ម៉ឺន ធ្វើឱ្យភាពយន្តគំនូរជីវចលចិនសម្រេចបាននូវការប្រែពី “ការនាំចូលបច្ចេកវិទ្យា”ដល់ “ការនាំចេញស្តង់ដារ” ដែលធ្វើឱ្យមជ្ឈដ្ឋានភាពយន្តភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ព្រមពេលជាមួយគ្នានេះ ភាពយន្តបង្ហាញពីមនោសញ្ចេតនាសមាជិកគ្រួសារនិងចំណងមិត្តភាព ព្រមទាំងស្មារតីអង់អាចក្លាហានដែលតួអង្គសំខាន់ការពារស្រុកកំណើតដោយស្ម័គ្រចិត្ត គឺស៊ីសង្វាក់គ្នាជាមួយមនោសញ្ចេតនារួមរបស់មនុស្សជាតិ ដែលធ្វើឱ្យទស្សនិកជននៃប្រទេសផ្សេងៗគ្នារំភើបចិត្តយ៉ាងខ្លាំង ។ លោកស្រី Sheila Sofian និងលោកស្រី Alan Erasov ដែលជាសមាជិកគណៈកម្មាធិការជ្រើសរើសពានរង្វាន់ Oscarsខាងភាពយន្តគំនូរជីវចលបានលើកឡើងបន្ទាប់ពីបានមើលភាពយន្តណាចាវគ្គ២ថា ក្នុងភាពយន្តនេះមានរឿងជាច្រើនគឺគួរឱ្យរំភើបចិត្តណាស់ ដែលមានការគិតគូរខាងទស្សនវិជ្ជា ពួកគេបានសម្តែងការឯកភាពគ្នានិងរំភើបចិត្តចំពោះមនោសញ្ចេតនាដ៏សម្បូរបែបនិងទស្សនៈគុណតម្លៃក្នុងភាពយន្តនេះ ។ នេះក៏បានបញ្ជាក់ដែរថា មនោសញ្ចេតនារបស់មនុស្សជាតិគឺមានទំនាក់ទំនងគ្នាទៅវិញទៅមកដែលគ្មានព្រំដែននិងភាពខុសគ្នានៃវប្បធម៌នោះទេ ក៏ដូចជាអាចជំរុញការឈ្វេងយល់គ្នានិងផ្លាស់ប្តូរគ្នាទៅវិញទៅមក ។

ឆ្នាំនេះជាខួបទី១២០នៃការប្រសូតបង្កើតនៃភាពយន្តចិន ហើយក៏ជាខួបទី១៣០នៃការប្រសូតបង្កើតនៃភាពយន្តពិភពលោកដែរ ។ ទន្ទឹមនឹងភាពយន្ត “ណាចា”ដើរចេញពីប្រទេសចិនទៅកាន់ផ្ទៃអន្តរជាតិ វាមិនត្រឹមតែបានបង្ហាញទៅកាន់ពិភពលោកអំពីវប្បធម៌ប្រពៃណីដ៏ល្អផូរផង់នៃប្រជាជាតិចិនប៉ុណ្ណោះទេ ថែមទាំងក៏បានកសាងស្ពានថ្មីសម្រាប់ការផ្លាស់ប្តូររវាងអរិយធម៌ទីទៃគ្នាដែរ ។ អាចរំពឹងថា ទន្ទឹមនឹងប្រទេសចិនលេចចេញភាពយន្តល្អៗកាន់តែច្រើនឡើងៗ ពិភពលោកនឹងឈ្វេងយល់កាន់តែច្បាស់ចំពោះប្រទេសចិនដ៏ពិតប្រាកដដោយគ្រប់ជ្រុងជ្រោយ ៕

Written by 

Related posts

Leave a Comment