មេដឹកនាំអឺរ៉ុបបានប្រមូលផ្តុំគ្នានៅក្នុងប្រទេសបារាំងដើម្បីពិភាក្សាបន្ទាន់ស្តីពីបញ្ហាអ៊ុយក្រែន ចំពេលមានការព្រួយបារម្ភអំពីការចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ីនាពេលខាងមុខស្តីពីការបញ្ចប់សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានកោះហៅមេដឹកនាំអ៊ឺរ៉ុបទាំងអស់ដើម្បីបើកកិច្ចប្រជុំបន្ទាន់នៅវិមាន Elysee កាលពីថ្ងៃចន្ទម្សិលមិញ។ អធិការបតីអាល្លឺម៉ង់ Olaf Scholz និងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ស្ថិតក្នុងចំណោមអ្នកចូលរួមនោះផងដែរ។
អ្នកចូលរួមទំនងជាបានពិភាក្សាអំពីស្ថានភាពបច្ចុប្បន្នទាក់ទងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនចំពេលមានរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយស្តីពីកិច្ចពិភាក្សាដែលអាចកើតមានរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនាពេលឆាប់ៗនេះ។ ពួកគេក៏បានពិភាក្សាអំពីផែនការក្រោយសង្គ្រាមរបស់ប្រទេសរបស់ពួកគេ រួមទាំងថាតើត្រូវបញ្ជូនទាហានរក្សាសន្តិភាពទៅកាន់អ៊ុយក្រែនដែរឬទេ?។
សហរដ្ឋអាមេរិកបាននឹងកំពុងទាមទារឱ្យបណ្តាប្រទេសអ៊ឺរ៉ុបធ្វើឱ្យច្បាស់ថាតើការរួមចំណែកអ្វីខ្លះដែលពួកគេអាចធ្វើបានក្នុងការធានាសុវត្ថិភាពនៅក្នុងអ៊ុយក្រែន។
ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនោះ លោក Starmer បាននិយាយថា “អឺរ៉ុបត្រូវតែដើរតួនាទីរបស់ខ្លួនយ៉ាងរឹងមាំ។ លោកបានបន្ថែមថា លោកបានត្រៀមខ្លួនដើម្បីពិចារណាលើការដាក់កម្លាំងរបស់អង់គ្លេសនៅលើដីអ៊ុយក្រែន រួមជាមួយអ្នកដទៃ ទៀតប្រសិនបើមានកិច្ចព្រមព្រៀងសន្តិភាពដែលស្ថិតស្ថេរមួយ”។
លោក Scholz បានថ្លែងថា វាមិនទាន់ដល់ពេលដើម្បីចាប់ផ្តើមការពិភាក្សាលើការបញ្ជូនកងទ័ពនៅទ្បើយទេ។ លោកបន្តថា នេះគឺជាពេលវេលាខុសទាំងស្រុងក្នុងការពិភាក្សាបែបនេះ។ លោកបានបន្ថែមថា “យើងមិនទាន់មានសន្តិភាពនៅឡើយទេ ប៉ុន្តែយើងកំពុងនៅកណ្តាលនៃសង្រ្គាម”។
លោកបញ្ជាក់ថា ពេលនេះយើងត្រូវតែរួមគ្នាមើលថា តើបណ្តាប្រទេសអឺរ៉ុបនឹងអាចទទួលយកវិធីសាស្រ្តរួបរួមមួយចំពោះបញ្ហានេះ ចំពេលកំពុងតែមានការភ័យខ្លាច និងការពិចារណាថា តើត្រូវបានដកខ្លួនចេញពីការចរចាសន្តិភាព៕

ដោយ៖ ពេជ្រ