ឧបនាយករដ្ឋមន្ត្រីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំពិធីក្រុងពាលី សុំម្ចាស់ទឹក សុំម្ចាស់ដី ដើម្បីបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើនក្នុងឱកាសត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីព្រៃវែង ២០២៥ និងអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅសួនច្បារ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (ស្កូប) ក្រុងព្រៃវែង ខេត្តព្រៃវែង។
ពិធីខាងលើនេះក៏មានការចូលរួមពីលោកស្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង, លោកក្រុមប្រឹក្សាខេត្ត លោកសួន សុម៉ាលីនអភិបាលខេត្ត និងលោកស្រី រួមជាមួយលោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក និងក្រុមការងាពាក់ព័ន្ធផងដែរ។
សូមជម្រាបជូនថា នៅក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងឆ្នាំ២០២៥នេះ មានរយៈពេល ៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១២-១៦ ខែខែមេសា ឆ្នាំ២០២៥ ដោយនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះផងដែរ ក៏មានការរៀបចំ នូវតំបន់ត្រជាក់ចិត្ត ដាក់ស្តង់តាំងពិព័ណ នៅលទ្ធផលក្នុងស្រុក កន្លែងលេងល្បែងប្រជាប្រិយ កន្លែងសាសនាមានពូនភ្នំខ្សាច់ និងមានការប្រគំតន្ត្រីខ្នាតធំ ព្រមទាំងមានការប្រលងស្រីស្អាតប្រុសស្អាត និងវ័យចំណាស់ផងដែរ៕








