ទ័ពអង់គ្លេស ត្រៀមដាក់ពង្រាយនៅអ៊ុយក្រែន បើបទឈប់បាញ់សម្រេច

នាយករដ្ឋមន្ត្រីលោក Sir Keir Starmer បានប្រកាសថា ចក្រភពអង់គ្លេស ត្រៀមខ្លួនជាស្រេច ដើម្បីដើរតួជាអ្នកដឹកនាំក្នុងការផ្តល់ការធានាសន្តិសុខដល់ទីក្រុងគៀវ និងដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែនជាផ្នែកនៃបេសកកម្មរក្សាសន្តិភាព ប្រសិនបើកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយរុស្ស៊ី សម្រេច។

កាលពីថ្ងៃអាទិត្យ លោក Starmer បានពណ៌នាអំពីជម្លោះអ៊ុយក្រែនថា ជាគ្រានៃបញ្ហាដែលមានស្រាប់ សម្រាប់អឺរ៉ុប ដែលនេះបង្ហាញពីភាពត្រឹមត្រូវនៃការដាក់ពង្រាយកងទ័ពអង់គ្លេស។

នាយករដ្ឋមន្ត្រីរូបនេះ បានលើកឡើងថា ចក្រភពអង់គ្លេស ត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាំមុខគេក្នុងការពន្លឿនការងារលើការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ប៉ុន្តែវាក៏មានន័យថាការត្រៀមខ្លួន និងមានឆន្ទៈក្នុងការរួមចំណែកដល់ការធានាសន្តិសុខដល់អ៊ុយក្រែន ដោយការដាក់កងទ័ពរបស់យើងនៅលើដីផងដែរ ប្រសិនបើចាំបាច់។

គួរបញ្ជាក់ថា ការប្រកាសរបស់លោក Starmer ធ្វើឡើងនៅពេលដែលមេដឹកនាំអឺរ៉ុបរៀបចំកោះប្រជុំនៅទីក្រុងប៉ារីស នៅថ្ងៃចន្ទនេះ សម្រាប់កិច្ចពិភាក្សាបន្ទាន់ ដោយការជំរុញនាពេលថ្មីៗនេះរបស់លោកប្រធានាធិបតី Donald Trump សម្រាប់កិច្ចព្រមព្រៀងសន្តិភាពជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin និងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការថយចុះសក្តានុពលនៃការប្តេជ្ញាចិត្តការពារជាតិរបស់សហរដ្ឋអាមេរិកនៅក្នុងទ្វីបអឺរ៉ុប៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment