“ជិះស្គីទឹកកក គយគន់រូបចម្លាក់ព្រិលទឹកកក ប្រកួតកីឡាលើព្រិលទឹកកក មហោស្រពតន្រ្តីព្រិលទឹកកក រទេះភ្លើងបើកក្នុងទេសភាពព្រិលទឹកកក។ល។” ប៉ុន្មានឆ្នាំកន្លងទៅនេះ ទិដ្ឋភាពថ្មីនៃទេសចរណ៍ព្រិលទឹកកកដែលលេចចេញជាបន្តបន្ទាប់ទាំងនេះ បានក្លាយជាផ្នែកដ៏សំខាន់ក្នុងការកម្សាន្តលំហែកាយនៅថ្ងៃឈប់សម្រាករបស់អ្នកផងទាំងពួងជាសន្សឹមៗ ។ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ តំបន់នានានៃប្រទេសចិនសុទ្ធតែមានមនុស្សអ៊ូរអរ ទីផ្សារបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានលេចចេញភាពទាក់ទាញជាបន្តបន្ទាប់ ទិដ្ឋភាពថ្មី មុខរបរថ្មីនិងរូបមន្តថ្មីនៃការប្រើប្រាស់បានបំផុសសក្តានុពលតម្រូវការផ្ទៃក្នុងជាបន្តបន្ទាប់ ។
ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ កន្លែងជិះស្គីBeidahu នៃខេត្ត Jilin បានទាក់ទាញអ្នកនិយមចូលចិត្តជិះស្គីជាច្រើន តាមការប៉ាន់ប្រមាណ បានទទួលអ្នកទេសចរចំនួន៨ម៉ឺន៧ពាន់នាក់ ដែលសម្រេចបាននូវចំណូលទេសចរណ៍៥១លាន១សែន៨ម៉ឹនយាន់ប្រាក់ចិន ។ “ព្រិលទឹកកក+សេដ្ឋកិច្ចការប្រកួត”នៃស្រុក Chongli ខេត្ត Hebei បានប្រើប្រាស់សំណង់នៃការប្រកួតកីឡាអូឡាំពិករដូវរងា ដើម្បីរៀបចំការប្រកួតកីឡាជិះស្គីអន្តរជាតិនិងកម្មវិធីហ្វឹកហ្វឺនព្រិលទឹកកករបស់យុវជននិងក្មេងជំទង់ ដាក់ចេញនូវការផ្សាយផ្ទាល់ការប្រកួតកីឡា ក៏ដូចជាដាក់បង្ហាញគ្រឿងបរិក្ខារនិងការស្ដារនីតិសម្បទាជាដើម ។ ពីរដូវរងាឆ្នាំ២០២៣ដល់ឆ្នាំ២០២៤ សរុបទទួលបានអ្នកទេសចរលើសពី៤លាន៤សែននាក់ ដែលសម្រេចបាននូវចំណូលទេសចរណ៍ជាង៥ពាន់លានយាន់ប្រាក់ចិន ។
ក្រៅពីតំបន់ភាគខាងជើងដែលមានទេសភាពព្រិលទឹកកកធម្មជាតិដ៏ពិសេស តំបន់ភាគខាងត្បូងមួយចំនួនក៏បានអភិវឌ្ឍមុខរបរថ្មីពាក់ព័ន្ធនឹងព្រិលទឹកកកជាបន្តបន្ទាប់ដែរ ដើម្បីជីកយកសក្តានុពលនៃការប្រើប្រាស់ ។ ឧទាហរណ៍ដូចជា តំបន់ដីសណ្តរទន្លេយ៉ាងសេបានយកកន្លែងជិះស្គីជាស្នូលសម្រាប់អភិវឌ្ឍការបណ្ដុះបណ្ដាល សណ្ឋាគារសម្រាប់ឳពុកម្តាយនិងកូន និងផលិតផលច្នៃប្រឌិតខាងវប្បធម៌ពាក់ព័ន្ធ ពឹងផ្អែកទៅលើឧត្តមភាពឧស្សាហកម្មកម្មន្តសាល កកើតទៅជាក្រុមឧស្សាហកម្មគ្រឿងបរិក្ខារព្រិលទឹកកក ដែលសម្រេចបាននូវការផ្សារភ្ជាប់គ្នារវាងការច្នៃប្រឌិតថ្មីខាងទិដ្ឋភាពប្រើប្រាស់និងឧស្សាហកម្ម ។ការបង្កើតមុខរបរថ្មីនៃទេសចរណ៍ព្រិលទឹកកកអាចឆ្លងតាមរយៈការរួមបញ្ចូលគ្នានៃឧស្សាហកម្មជាច្រើនដូចជាកីឡា វប្បធម៌ ការអប់រំនិងគមនាគមន៍ជាដើម ដើម្បីបង្កើតជាប្រព័ន្ធប្រើប្រាស់ក្នុងខ្សែសង្វាក់ទាំងមូល ។
កិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមចិនឆ្នាំ២០២៤បានលើកឡើងថា នឹងបង្កើនកម្លាំងពង្រីកក្របខ័ណ្ឌក្នុងការអនុវត្តគោលនយោបាយថ្មីៗចំនួនពីរ ច្នៃប្រឌិតថ្មីទិដ្ឋភាពប្រើប្រាស់ក្នុងពហុវិស័យ ពង្រីកការប្រើប្រាស់ខាងសេវាកម្ម ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍និងវប្បធម៌ ។“ព្រិលទឹកកក+វប្បធម៌”គឺបានលើកកម្ពស់គុណភាពនិងភាពធន់នៃសេដ្ឋកិច្ចព្រិលទឹកកកតាមរយៈឧស្សាហកម្មវប្បធម៌ ដាក់បញ្ចូលហ្សែនវប្បធម៌ក្នុងវិស័យនីមួយៗនៃខ្សែសង្វាក់ឧស្សាហកម្មព្រិលទឹកកក មានតែធ្វើអ៊ីចឹង ទើបអាចឈ្នះលើការប្រកួតដែលមានគុណភាពដូចគ្នា ដើម្បីបង្កើតម៉ាកប្រើប្រាស់ថ្មីដែលប្រកបដោយកម្លាំងទាក់ទាញខាងផ្នែកស្មារតីនិងកម្លាំងឥទ្ធិពលក្នុងទីផ្សារ ។
យកសួនកម្សាន្តព្រិលទឹកកកក្រុង Harbin ជាឧទាហរណ៍ សួននេះបានរួមបញ្ចូលសិល្បៈរូបចម្លាក់ទឹកកកនិងរចនាបថសំណង់រុស្ស៊ីជាដើមយ៉ាងស៊ីជម្រៅ បង្ក IP ប្រធានបទ “ផ្លូវសូត្រព្រិលទឹកកក” និងបង្កើតផ្ទាំងទស្សនីយភាពដូចជាប្រាសាទព្រិលទឹកកកជាដើម ។ពីរដូវរងាឆ្នាំ២០២៣ដល់ឆ្នាំ២០២៤ ក្រុង Harbin បានទទួលភ្ញៀវទេសចរសរុបចំនួនជាង៨៧លាននាក់ ដែលកើនឡើង៣០០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន និងសម្រេចបានប្រាក់ចំណូលទេសចរណ៍១សែន២ម៉ឺន៤ពាន់៨រយលានយាន់ប្រាក់ចិន ដែលកើនឡើង៥០០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ រីឯតំបន់ Altay នៃភូមិភាគស្វយ័ត Xinjiang បានពឹងផ្អែកលើស្លាកសញ្ញាវប្បធម៌ដែលជា “ប្រភពដើមនៃការជិះស្គីរបស់មនុស្សជាតិ” ស្តារបច្ចេកទេសផលិតក្តារជិះស្គីដោយស្បែកសត្វឡើងវិញ រៀបចំសកម្មភាពទម្លាប់ប្រជាប្រិយ ដូចជាការចាប់ចៀមលើព្រិលនិងប្រគុំឧបករណ៍ភ្លេង Dongbula ជាដើមដោយអ្នកស្នងបេតិកភណ្ឌវប្បធម៌អរូបី ដើម្បីសម្រេចបាននូវការរួមបញ្ចូលដោយស៊ីសង្វាក់គ្នារវាងកីឡាព្រិលទឹកកកនិងវប្បធម៌បុរាណ ។
មួយផ្នែកទៀត ការប្រើប្រាស់បច្ចេកទេសបញ្ញាសិប្បនិម្មិត ការផ្សព្វផ្សាយនិងការលក់ដោយឌីជីថលភាវូបនីយកម្មនៃឧស្សាហកម្មព្រិលទឹកកកបានផ្តល់ការទ្រទ្រង់ជាស្នូលដល់សេវាកម្មទេសចរណ៍ព្រិលទឹកកក ឆ្លងតាមរយៈការប្រមូលទិន្នន័យនិងវិធីគណនាវៃឆ្លាត អាចឈ្វេងយល់យ៉ាងត្រឹមត្រូវនូវតម្រូវការរបស់អ្នកប្រើប្រាស់ ដើម្បីផ្តល់ដំណោះស្រាយសម្រាប់ការប្រើប្រាស់មួយទល់នឹងមួយនិងការប្រើប្រាស់ក្នុងទិដ្ឋភាពផ្សេងៗគ្នា ។
ពីការអភិវឌ្ឍយ៉ាងស៊ីជម្រៅនូវធនធានទេសចរណ៍ព្រិលទឹកកកនៅតំបន់ភាគឦសានដល់ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងកីឡដ្ឋានព្រិលទឹកកកសិប្បនិម្មិតនៅតំបន់ភាគខាងត្បូង ពីការប្រើប្រាស់ជានិរន្តរភាពនូវសំណង់នៃការប្រកួតកីឡាអូឡាំពិករដូវរងាដល់ការចារទំព័រព្រិលទឹកកកថ្មីនៃការប្រកួតកីឡាអាស៊ីរដូវរងា ទេសចរណ៍ព្រិលទឹកកកបានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃឧស្សាហកម្មព្រិលទឹកកក ហើយសេដ្ឋកិច្ចព្រិលទឹកកកកំពុងត្រួសត្រាយវិស័យថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិន ៕


