ការផ្ទុះហ្គាសនៅផ្សារទំនើប Shin Kong Mitsukoshi ក្នុងទីក្រុង Taichung ប្រទេសតៃវ៉ាន់ កាលពីប៉ុន្មានម៉ោងមុននេះ បានបណ្តាលឲ្យមនុស្សយ៉ាងតិច ៥ នាក់ស្លាប់ និង ៧ នាក់ទៀតរងរបួស។ នេះបើយោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យក្រុង Taichung ។

ការផ្ទុះនេះ បានកើតឡើងនៅជាន់ទី ១២ នៃអគារផ្សារទំនើបដែលជាកន្លែងការដ្ឋានសំណង់ កំពុងដំណើរការ។
ក្រុមសង្គ្រោះបន្ទាន់ បានទៅដល់កន្លែងកើតហេតុប្រហែលម៉ោង ១១ និង ៣០ នាទីព្រឹក ដោយដាក់ពង្រាយរថយន្តពន្លត់អគ្គីភ័យរាប់សិបគ្រឿង។
ការផ្ទុះនេះ បានបណ្តាលឱ្យខូចខាតផ្នែកខាងក្រៅរបស់អគារធ្ងន់ធ្ងរ ដោយធ្លាក់កំទេចកំទីរាយប៉ាយពាសពេញដងផ្លូវ ។
អភិបាលក្រុង Taichung លោក Lu Shiow-yen បានបញ្ជាក់ថា ខណកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ អាជ្ញាធរ ក៏កំពុងស៊ើបអង្កេតពីមូលហេតុ និងវាយតម្លៃគ្រោះថ្នាក់ដែលអាចកើតមានផ្សេងទៀត ផងដែរ។
ប្រធានាធិបតីកោះតៃវ៉ាន់ លោក ឡៃ ឈីងតេ ក៏បានជំរុញឱ្យមានការស៊ើបអង្កេតយ៉ាងឆាប់រហ័សលើឧបទ្ទវហេតុនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើទំព័រហ្វេសប៊ុករបស់លោក ដូចគ្នា៕

ដោយ៖ ពេជ្រ