និយតករល្បែងស៊ីសងរបស់ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងដាក់លិខិតព្រមានទៅកាន់ក្លឹបបាល់ទាត់ Premier League ចំនួន៣គឺ Everton, Nottingham Forest និង Leicester City អំពីហានិភ័យដែលទាក់ទងនឹងការផ្សព្វផ្សាយគេហទំព័រល្បែងខុសច្បាប់នៅលើអាវរបស់ពួកគេ។
គណៈកម្មាការល្បែងស៊ីសងរបស់ចក្រភពអង់គ្លេសបាននិយាយនៅមុននេះថា Stake.uk.com នឹងលែងជាគេហទំព័រលេងល្បែងដែលមានអាជ្ញាប័ណ្ណទៀតហើយបន្ទាប់ពីការស៊ើបអង្កេតហើយបានបន្ថែមថាប្រតិបត្តិករ TGP Europe Ltd នឹងបិទគេហទំព័រនេះនៅខែក្រោយ។
Stake.com គឺជាអ្នកឧបត្ថម្ភអាវរបស់ Everton និងវេទិកាហ្គេមអនឡាញ Kaiyun និង BC Game ស្រដៀងគ្នានេះដែរឧបត្ថម្ភនៅលើអាវ Nottingham Forest និង Leicester City ។
គណៈកម្មការល្បែងស៊ីសងបាននិយាយកាលពីថ្ងៃពុធថា លិខិតខ្លួននឹងព្រមានមន្ត្រីក្លឹបថាពួកគេអាចប្រឈមមុខនឹងការផាកពិន័យ ការជាប់ពន្ធនាគារ ឬទាំងពីរករណីប្រសិនបើពួកគេត្រូវបានផ្តន្ទាទោសពីបទផ្សព្វផ្សាយអាជីវកម្មល្បែងគ្មានអាជ្ញាប័ណ្ណក្នុងប្រទេសអង់គ្លេស។
គួររំលឹកលីគកំពូលរបស់អង់គ្លេសបាននិយាយនៅឆ្នាំ ២០២៣ ថា ក្លឹបនៅ Premier League បានព្រមព្រៀងគ្នាក្នុងការបញ្ឈប់ការឧបត្ថម្ភល្បែងស៊ីសងនៅលើអាវចាប់ពីរដូវកាល ២០២៦-២៧៕
