រាជធាភ្នំពេញ៖ រដ្ឋមន្ត្រី នៃនាយកដ្ឋានកំណែទម្រង់ច្បាប់ និងស្ថាប័នរបស់ប្រទេសម៉ាឡេស៊ី លោកស្រី Azalina Othman Said បានចាប់ផ្ដើមនូវដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈប្រទេសម៉ាឡេស៊ី ធ្វើជាប្រធានប្ដូរវេនអាស៊ាននៅឆ្នាំ២០២៥នេះ។

ក្នុងឱកាសនេះលោកស្រី Azalina Othman Said បានជួបសំណេះសំណាលទ្វេភាគីជាមួយលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់កម្ពុជា ដើម្បីពិភាក្សាលើកិច្ចការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងការធ្វើអន្តរកម្មនៅក្នុងតំបន់។ ដំណើរទស្សនកិច្ចនាពេលនេះ ធ្វើឡើងស្របតាមចក្ខុវិស័យរបស់ប្រទេសម៉ាឡេស៊ី ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដែលបានផ្តល់អាទិភាពដល់អភិបាលកិច្ចល្អ នីតិរដ្ឋ និងភាពធន់របស់ស្ថាប័ន។
ជាមួយគ្នានេះ លោកស្រី Azalina Othman Said ក៏បានអញ្ជើញ លោកឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ ក្នុងការចែករំលែកទៅកាន់វេទិកាច្បាប់អាស៊ានឆ្នាំ២០២៥ ដែលម៉ាឡេស៊ីនឹងធ្វើជាម្ចាស់ផ្ទះ ដោយមានការគាំទ្រពីលេខាធិការដ្ឋានអាស៊ាន, រដ្ឋសមាជិក និងប្រទេសជប៉ុន ដែលជាដៃគូពិភាក្សានៃកិច្ចប្រជុំមន្ត្រីច្បាប់ជាន់ខ្ពស់អាស៊ាន ហៅកាត់ថា ASLOM។ វេទិកានេះ នឹងបម្រើជាវេទិកាមួយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងតំបន់ ព្រមទាំងលើកកម្ពស់ដល់លទ្ធភាពក្នុងការទទួលបានយុត្តិធម៌ និងពង្រឹងសមាហរណកម្មសេដ្ឋកិច្ចតាមរយៈការដោះស្រាយវិវាទប្រកបដោយប្រសិទ្ធភាព។

យោងតាមស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានឱ្យដឹងថា របៀបវារៈសំខាន់នៅក្នុងដំណើរទស្សនកិច្ចនេះ គឺជាការលើកកម្ពស់មជ្ឈត្តកម្មពាណិជ្ជកម្មអន្តរជាតិ និងការសម្រុះសម្រួលក្នុងចំណោមបណ្ដារដ្ឋអាស៊ាន ដើម្បីបង្កើតក្របខ័ណ្ឌដោះស្រាយជម្លោះនិងភាពចុះសម្រុងគ្នា។ ជាមួយនឹងភាពរីកចម្រើននៃសេដ្ឋកិច្ច ក្នុងតំបន់អាស៊ាន, ម៉ាឡេស៊ី មានគោលបំណងចង់ធ្វើឱ្យតំបន់អាស៊ាន ក្លាយជាមជ្ឈមណ្ឌលសម្រាប់មជ្ឈត្តកម្ម (អាជ្ញាកណ្ដាល) និងការសម្រុះសម្រួលដែលអាចទុកចិត្តបាន ដោយស្របតាមការអនុវត្តដ៏ល្អបំផុតជាសកល។ កិច្ចខិតខំប្រឹងប្រែងនេះ គាំទ្រដល់ប្រធានបទស្ដីពីការពិភាក្សាក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលប្រព្រឹត្តទៅនៅទីក្រុង ឡាំងកាវី ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ កន្លងមកនេះ។

តាមរយៈកិច្ចពិភាក្សារវាងមន្ត្រីជាន់ខ្ពស់របស់កម្ពុជានិងម៉ាឡេស៊ី ក៏បានសង្កត់ធ្ងន់លើគុណសម្បត្តិនៃការសម្រុះសម្រួលគ្នា និងមជ្ឈត្តកម្ម ដែលជាវិធីសាស្ត្រដោះស្រាយវិវាទ និងការចំណាយប្រកបដោយប្រសិទ្ធភាព ដែលផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្ម និងវិនិយោគិននានា។ លើសពីការដោះស្រាយវិវាទ វេទិកានេះ ក៏នឹងដោះស្រាយបញ្ហាប្រឈមផ្នែកច្បាប់សំខាន់ៗដូចជា ឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងប្រព័ន្ធអ៊ីនធឺណិត, សុវត្ថិភាពតាមអនឡាញ, ដោះស្រាយផលលំបាកផ្នែកហិរញ្ញវត្ថុឆ្លងព្រំដែន, បទប្បញ្ញត្តិពាណិជ្ជកម្ម និងអភិបាលកិច្ចល្អ ។
សូមជម្រាបជូនថា វេទិកាច្បាប់អាស៊ានឆ្នាំ២០២៥ នឹងបញ្ចប់ទៅជាមួយនឹងសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីច្បាប់អាស៊ាន ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងមជ្ឈត្តកម្ម និងការសម្រុះសម្រួលគ្នានៅក្នុងតំបន់។ ប្រទេសម៉ាឡេស៊ី នៅតែប្តេជ្ញាចិត្តធ្វើការជាមួយដៃគូអាស៊ាន រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ ដើម្បីបង្កើតបរិយាកាសផ្លូវច្បាប់ដែលមានស្ថិរភាព និងងាយស្រួលសម្រាប់អាជីវកម្ម ដែលជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច ស្ថិរភាព និងអភិបាលកិច្ចល្អនៅក្នុងតំបន់អាស៊ាន៕

