ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិនបានផ្សាយថា ប្រទេសចិនបានចាប់ផ្តើមវិធានការតបតទៅអាមេរិកវិញហើយនៅព្រឹកថ្ងៃចន្ទម្សិលមិញប្រឆាំងនឹងពន្ធបន្ថែមដែលដាក់លើការនាំចូលរបស់ចិនដោយសហរដ្ឋអាមេរិក។

រដ្ឋាភិបាលចិនបានប្រកាសថា ខ្លួននឹងដាក់ពន្ធ ១៥ ភាគរយលើធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវរបស់អាមេរិក ហើយវាក៏នឹងដាក់ពន្ធ ១០ ភាគរយលើទំនិញដូចជាប្រេងឆៅ គ្រឿងយន្តកសិកម្ម និងរថយន្តម៉ាស៊ីនធំថែមទៀត។ វិធានការនេះមានន័យថា ជាការប្រឆាំងនឹងពន្ធបន្ថែម ១០ ភាគរយដែលបានដាក់លើផលិតផលចិនដោយរដ្ឋបាលប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃទី ៤ ខែកុម្ភៈ កន្លងទៅ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun មិនបានបញ្ជាក់លម្អិតទេថា តើវិធានការតបតនោះបានចូលជាធរមានដែរឬទេក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ។ លោកគ្រាន់តែបញ្ជាក់ជាថ្មីនូវការអះអាងរបស់ចិនថា គ្មានអ្នកឈ្នះនៅក្នុងសង្គ្រាមពន្ធគយនោះទេ ហើយថាវាប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាជនទាំងពីរ។
អ្នកនាំពាក្យបានបន្ថែមថា អ្វីដែលត្រូវការនៅពេលនេះ មិនមែនជាការដាក់ពន្ធឯកតោភាគីនោះទេ ប៉ុន្តែការពិភាក្សាត្រូវតែមាន គឺការពិភាក្សាដោយផ្អែកលើសមភាព និងការគោរពគ្នាទៅវិញទៅមក។
ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា គណៈប្រតិភូធុរកិច្ចចិន រួមទាំងតំណាងមកពីឧស្សាហកម្មគីមីឥន្ធនៈ និងផលិតគ្រឿងម៉ាស៊ីន នឹងធ្វើទស្សនកិច្ចនៅកាហ្សាក់ស្ថានចាប់ពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ។ ប្រព័ន្ធផ្សព្វផ្សាយក៏បាននិយាយផងដែរថា ប្រទេសចិននឹងបន្តស្វែងរកទីផ្សារនៅអាស៊ីកណ្តាល មជ្ឈិមបូព៌ា អឺរ៉ុប និងកន្លែងផ្សេងទៀត។ ជាក់ស្តែងប្រទេសនេះមានគោលបំណងកាត់បន្ថយផលប៉ះពាល់ដែលពន្ធរបស់ Trump អាចមានលើក្រុមហ៊ុនក្នុងស្រុក៕

ដោយ៖ ពេជ្រ