មេដឹកនាំ លោក Donald Trump បានអះអាងសារជាថ្មីថា លោក ចង់ឱ្យប្រទេសកាណាដាក្លាយជារដ្ឋទី ៥១ របស់សហរដ្ឋអាមេរិក ។

ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយ Fox News ថា ខ្ញុំគិតថាកាណាដា នឹងកាន់តែប្រសើរឡើង បើសិនជាក្លាយជារដ្ឋទី ៥១ ពីព្រោះយើងចំណាយលើកាណាដា ជាង ២០០ ពាន់លានដុល្លារក្នុងមួយឆ្នាំៗ បើមិនដូច្នេះ ខ្ញុំនឹងមិនអនុញ្ញាតឱ្យវាកើតឡើងទៀតទេ ។
លោក បានបន្ថែមថា វាជាចំនួនដ៏ច្រើន។ ហេតុអ្វីយើងត្រូវចំណាយប្រាក់ ២០០ ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីឧបត្ថម្ភធនដល់ប្រទេសកាណាដា។ ឥឡូវនេះ ប្រសិនបើពួកគេជារដ្ឋទី ៥១ នោះ យើងនឹងលែងខ្វល់រឿងនេះ ។
កាលពីថ្ងៃអាទិត្យ ទីប្រឹក្សាសន្តិសុខជាតិរបស់លោក Trump គឺលោក Mike Waltz បានលើកឡើងថា លោក មិនគិតថា មេដឹកនាំសហរដ្ឋអាមេរិក នឹងមានផែនការណាមួយ ដើម្បីឈ្លានពានប្រទេសកាណាដា នោះទេ។
លោក Trump បានស្នើម្តងហើយម្តងទៀតថា មនុស្សជាច្រើននៅក្នុងប្រទេសកាណាដា ពេញចិត្តក្នុងការចូលរួមជារដ្ឋទី ៥១ របស់សហរដ្ឋអាមេរិក ។ ឧបសម្ព័ន្ធបែបនេះ នឹងនាំមកនូវស្ថិរភាពសេដ្ឋកិច្ចដល់ប្រទេសកាណាដា និងការពារវាពីការគំរាមកំហែងពីខាងក្រៅ រួមទាំងការគំរាមកំហែងដោយរុស្ស៊ី និងចិនផងដែរ ។
គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បានឆ្លើយតបដោយនិយាយថា កាណាដា នឹងមិនក្លាយជាផ្នែកនៃសហរដ្ឋអាមេរិកទេ៕

ដោយ៖ ពេជ្រ