ពលករថៃ៥នាក់ដែលត្រូវក្រុមអ៊ីស្លាមហាម៉ាសចាប់ជាចំណាប់ខ្មាំងនៅហ្គាហ្សាស្ទ្រីបបានវិលត្រឡប់ទៅប្រទេសថៃវិញហើយ ខណដែលក្រុមហាម៉ាស់បាននឹងកំពុងដោះលែងចំណាប់ខ្មាំងជាដំណាក់កាលៗក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងមួយចាប់តាំងពីបទឈប់បាញ់រយៈពេលប្រាំមួយសប្តាហ៍បានចូលជាធរមាននៅថ្ងៃទី ១៩ ខែមករា។

ពលករថៃទាំងប្រាំនាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងក្នុងខែតុលាឆ្នាំ ២០២៣។ ពួកគេត្រូវបានដោះលែងកាលពីចុងខែមុន ក្រៅក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង។ ពួកគេបានជួបជុំក្រុមគ្រួសារវិញនៅព្រលានយន្តហោះក្បែរទីក្រុងបាងកកកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ។
ម្នាក់ក្នុងចំណោមពួកគេបាននិយាយថា គាត់រីករាយណាស់ដែលគាត់អាចវិលត្រឡប់មកវិញដោយសុវត្ថិភាព ហើយអរគុណដល់មនុស្សជាច្រើនដែលបានគាំទ្រពួកគេ។
រដ្ឋាភិបាលថៃនិយាយថា គ្មានអតីតចំណាប់ខ្មាំងទាំង ៥ នាក់ណាម្នាក់មានបញ្ហាសុខភាពទេ។
កម្មករថៃចំនួន 46 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយក្រុមហាម៉ាស និងការប្រយុទ្ធគ្នាដែលបានកើតឡើង។
មកទល់ពេលនេះ ជនជាតិថៃចំនួន ២៨នាក់ ត្រូវបានដោះលែង។ រដ្ឋាភិបាលថៃនិយាយថា ម្នាក់ទៀតកំពុងជាប់ឃុំឃាំង ហើយកំពុងអំពាវនាវឲ្យប្រទេសពាក់ព័ន្ធធានាការដោះលែងជននោះចេញ៕

ដោយ៖ ពេជ្រ