មេដឹកនាំ លោកស្រី Claudia Sheinbaum បាននិយាយថា សហរដ្ឋអាមេរិក និរទេសជនអន្តោប្រវេសន៍ជិត ១១,០០០ នាក់ទៅកាន់ប្រទេសម៉ិកស៊ិក ចាប់តាំងពីលោកប្រធានាធិបតីអាមេរិក Donald Trump ចូលកាន់តំណែងផ្លូវការ។

លោកស្រី បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា អ្នកដែលនិរទេសគឺជាជនជាតិម៉ិកស៊ិក ៨,៤២៥ នាក់ និងមនុស្ស ២,៥៣៩ នាក់មកពីប្រទេសផ្សេងទៀត។
យោងតាម ប្រធានាធិបតីម៉ិកស៊ិក បានឲ្យដឹងថា ជើងហោះហើរកំពុងរៀបចំ ដើម្បីធ្វើមាតុភូមិនិវត្តន៍ជនបរទេស។
លោកស្រី Sheinbaum បានបន្ថែមថា នេះគឺជាការស្ម័គ្រចិត្ត។ យើងនឹងផ្តល់ការគាំទ្រដើម្បីឱ្យពួកគេអាចទៅកាន់ប្រទេសដើមរបស់ពួកគេវិញ។

ទន្ទឹមនោះ មេដឹកនាំម៉ិកស៊ិក ក៏បានលើកឡើងផងដែរថា ជនអន្តោរប្រវេសន៍ទាំងអស់ត្រូវគេសម្ភាសនៅពេលត្រឡប់មកវិញពីសហរដ្ឋអាមេរិក ដើម្បីចង់ដឹងថាតើមានការរំលោភសិទ្ធិរបស់ពួកគេ ឬយ៉ាងណា។
គួរបញ្ជាក់ថា លោក Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ នៅថ្ងៃទី ២០ ខែមករា ដោយប្រកាសភាពអាសន្នជាតិនៅតាមព្រំដែនជាមួយម៉ិកស៊ិក ៕

ដោយ៖ ពេជ្រ