លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោកស្រី Paetongtarn  នាយករដ្ឋមន្ត្រីថៃ

ព្រឹកថ្ងៃទី៦ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកស្រី Paetongtarn  នាយករដ្ឋមន្ត្រីថៃ  ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវិមានសភាប្រជាជនក្រុងប៉េកាំង។

លោក Xi Jinping បានលើកឡើងថា ចំណងមិត្តភាពចិន-ថៃត្រូវបានបន្តវេនអស់រយៈពេលពាន់ឆ្នាំមកហើយ។ ឆ្នាំនេះ គឺជាខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងថៃ និង ជា”៥០ ឆ្នាំមាសនៃមិត្តភាពចិន-ថៃ” ភាគីទាំងពីរគួរតែបន្តវេននិងត្រួសត្រាយអនាគត  ចាប់ដៃដើរទៅមុខជាមួយគ្នា  ដើម្បីជំរុញការកសាងសហគមន៍ជោគវាសនារួមរវាងចិន និងថៃឱ្យកាន់តែស៊ីជម្រៅនិងប្រាកដប្រជា ក្នុងន័យផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់តំបន់និងពិភពលោកផងដែរ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនកោតសរសើរចំពោះប្រទេសថៃដែលបានចាត់វិធានការដ៏មានប្រសិទ្ធភាពដើម្បីបង្កា្របល្បែងស៊ីសងតាមអនឡាញនិងបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍  ភាគីទាំងពីរគួរតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការអនុវត្តច្បាប់ សន្តិសុខនិងប្រព័ន្ធតុលាការ ដើម្បីការពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន និងរក្សាសណ្តាប់ធ្នាប់នៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាក្នុងតំបន់។

ជាការឆ្លើយតប លោកស្រី Paetongtarn បានថ្លែងថា  ប្រទេសថៃប្រកាន់ខ្ជាប់នូវគោលនយោបាយប្រទេសចិនតែមួយ ហើយរំពឹងថាធ្វើការជាមួយប្រទេសចិន ដើម្បីពង្រឹងការផ្លាស់ប្តូរជាន់ខ្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងវិស័យផ្សេងៗទៀត ។ ប្រទេសថៃមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការអនុវត្តច្បាប់ជាមួយប្រទេសចិន និងប្រទេសជិតខាងផ្សេងទៀត ហើយចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពដើម្បីបង្រ្កាបបទល្មើសឆ្លងដែន ដូចជាល្បែងស៊ីសងតាមអនឡាញ និងបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ជាដើម ៕

Written by 

Related posts

Leave a Comment