ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បាននិយាយថា លោក ច្រានចោលយ៉ាងដាច់អហង្ការចំពោះសំណើរបស់លោកប្រធានាធិបតី Donald Trump ដែលចង់ឱ្យសហរដ្ឋអាមេរិក កាន់កាប់តំបន់ហ្គាហ្សា និងតាំងទីលំនៅថ្មីដល់ប្រជាជនប៉ាឡេស្ទីនចំនួន ២.១ លាននាក់ ដែលរស់នៅទីនោះ។

លោក Abbas សង្កត់ធ្ងន់ថា យើងនឹងមិនអនុញ្ញាតឱ្យសិទ្ធិប្រជាជនរបស់យើងត្រូវបានរំលោភបំពាននោះទេ ដោយព្រមានថា ហ្គាហ្សា គឺជាផ្នែកសំខាន់នៃរដ្ឋប៉ាឡេស្ទីន ហើយការផ្លាស់ទីលំនៅដោយបង្ខំនឹងជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។
ទន្ទឹមនោះ ក្រុមហាម៉ាស ក៏បានលើកឡើងថា ផែនការរបស់ លោក Trump គឺជាការចាក់ប្រេងដុតនៅក្នុងតំបន់ ដែលកំពុងមានជម្លោះ ។
គួរបញ្ជាក់ថា គំនិតនេះ ត្រូវបានច្រានចោលដោយបណ្តាប្រទេសនៅក្នុងតំបន់ដូចជាហ្ស៊កដានី អេហ្ស៊ីប និងសម្ព័ន្ធមិត្តសំខាន់ៗរបស់សហរដ្ឋអាមេរិក ខណដែលអង្គការសហប្រជាជាតិ ចេញការព្រមានប្រឆាំងនឹងទម្រង់ណាមួយនៃការបោសសម្អាតជនជាតិភាគតិចនេះ ផងដែរ៕

ដោយ៖ ពេជ្រ