នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកSadyr Nurgozhoevich Japarov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ។
លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងចិន-កៀហ្ស៊ីស៊ីស្ថានសម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះ និងឈានដល់កម្រិតខ្ពស់ថ្មីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី។ ប្រទេសចិនគាំទ្រកៀហ្ស៊ីស៊ីស្ថានក្នុងការដើរតាមផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ហើយមានឆន្ទៈក្នុងការធ្វើឱ្យស៊ីជម្រៅនូវការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាមួយកៀហ្ស៊ីស៊ីស្ថាន។
លោក Xi Jinping បានគូសបញ្ជាក់ថា ភាគីទាំងពីរគួរតែបន្តត្រួសត្រាយគំនិតថ្មីៗ ដើម្បីជំរុញឱ្យមានភាពស៊ីជម្រៅជាបន្តបន្ទាប់នូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកដោយផ្តោតសំខាន់លើការរួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់។
ជាការឆ្លើយតប លោកJaparov បានថ្លែងថា លោកពិតជាសប្បាយរីករាយណាស់ដែលបានបំពេញទស្សនកិច្ចនៅប្រទេសចិននៅដើមឆ្នាំថ្មីនេះ លោកសូមជូនពរឆ្នាំថ្មីដល់លោកប្រធានរដ្ឋចិន Xi Jinping និងប្រជាជនចិន និងសូមជូនពរឱ្យប្រទេសចិនទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកទី៩។ ប្រទេសចិនគឺជាមិត្ត និងជាដៃគូជាទីទុកចិត្តរបស់កៀហ្ស៊ីស៊ីស្ថាន គ្រប់ស្ថាប័ននិងតំបន់រវាងប្រទេសទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងទទួលបានសមិទ្ធផលជាផ្លែផ្កា។ កៀហ្ស៊ីស៊ីស្ថាននឹងបន្តគាំទ្រចិនយ៉ាងមុតមាំលើបញ្ហាទាក់ទិននឹងតំបន់តៃវ៉ាន់ ស៊ីនជាំង និងហុងកុង៕

