ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Ono Hiroki គ្រូបង្វឹកសញ្ជាតិជប៉ុនរបស់ក្រុម Shan United បាននិយាយថា ៖«ការប្រកួតថ្ងៃនេះជាការប្រកួតដ៏លំបាកមួយ ពីព្រោះព្រះខ័នរាជស្វាយរៀងជាក្រុមមានកីឡាករប្រយុទ្ធល្អៗ ដូចជាកីឡាករប្រេស៊ីល និងកីឡាករក្នុងស្រុកមួយចំនួន។ សម្រាប់របស់ខ្ញុំ បើមិនប្រឹងខ្លាំងទេ ប្រាកដជារបូតច្រើនគ្រាប់»។
លោកបានបន្តថា ៖«សម្រាប់ក្រុមរបស់ខ្ញុំមានកីឡាកររបួសម្នាក់ពីរនាក់ដែរ។ បើប្រៀបធៀបពីលីគកម្ពុជាជាមួយលីគមីយ៉ាន់ម៉ា គឺលីគនៅកម្ពុជា ជាពិសេសក្រុមនៅលំដាប់កំពូលទាំង៤ បានចំណាយធន់ធានច្រើន។ បើនិយាយពីកីឡាករបរទេស ពួកគាត់មានកីឡាករបរទេសល្អៗច្រើនជាងនៅមីយ៉ាន់ម៉ា»។
ទោះបីជាការប្រកួតគ្រាន់តែបង្ក្រប់កិច្ច ប៉ុន្តែគ្រូបង្វឹកសញ្ជាតិជប៉ុនបានប្តេជ្ញាស្វែងរកជ័យជម្នះដើម្បីបង្កើតកំណត់ត្រាផ្ទាល់ខ្លួនលើក្លិបនៅក្រៅប្រទេស។ លោកបាននិយាយថា ៖«សម្រាប់ខ្ញុំ ការប្រកួតនៅថ្ងៃស្អែក មិនមែនជាការប្រកួតដើម្បីតេស្តសមត្ថភាពកីឡាកររវាង Shan United និងព្រះខ័នរាជស្វាយរៀងទេ។ នេះជាការប្រកួតពានផ្សេងគ្នា ដូច្នេះចាំការប្រកួតនេះចប់ ទើបយើងគិតពីការប្រកួតពានមួយទៀតដែលប៉ះព្រះខ័នរាជស្វាយរៀងដដែល»។
សូមជម្រាបថា ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីទទួលក្រុមមកពីមីយ៉ាន់ម៉ា Shan United នៅយប់ថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៧៖៣០នាទី សម្រាប់វគ្គសន្សំពិន្ទុក្នុងពូលចុងក្រោយ ពានរង្វាន់ ASEAN Club Championship ខណៈក្រុមទាំងពីរបានអស់ឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា៕
