ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានឲ្យដឹងថា អ៊ីស្រាអែល នឹងបញ្ជូនគណៈប្រតិភូការងារទៅប្រទេសកាតា ចុងសប្តាហ៍នេះ ខណដែលលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu នឹងកោះប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខ ពេលត្រឡប់មកពីសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីជំហររបស់អ៊ីស្រាអែល នៅលើដំណាក់កាលទី ២ នៃកិច្ចព្រមព្រៀងហ្គាហ្សា ចុងក្រោយបង្អស់។
លោក Netanyahu បានទៅទីក្រុងវ៉ាស៊ីនតោនជួបជាមួយទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump គឺ លោក Mike Waltz និងបេសកជនពិសេសរបស់មេដឹកនាំសហរដ្ឋអាមេរិក សម្រាប់តំបន់មជ្ឈិមបូព៌ាគឺ លោក Steven Witkoff ។ សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំនេះ អ៊ីស្រាអែល កំពុងរៀបចំបញ្ជូនគណៈប្រតិភូការងារមួយទៅកាន់ទីក្រុង Doha នៅចុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីព័ត៌មានលម្អិតទាក់ទងនឹងការអនុវត្តបន្ថែមទៀតនៃកិច្ចព្រមព្រៀងបទឈប់បាញ់ហ្គាហ្សា ។
គួរបញ្ជាក់ថា លោក Netanyahu នឹងកោះប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខ ដើម្បីពិភាក្សាអំពីជំហរទូទៅរបស់អ៊ីស្រាអែល ទាក់ទងនឹងដំណាក់កាលទី ២ នៃកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ដែលនឹងកំណត់វគ្គបន្តនៃការចរចា ៕

ដោយ៖ ពេជ្រ