ប្រាសាទឥដ្ឋ ដែលស្ថិតនៅជ្រុងខាងជើងប្រាសាទភ្នំក្រោម បានលេចចេញជារូបរាងដ៏ស្រស់ស្អាត ឡើងវិញ ក្រោយអ្នកជំនាញការរបស់អាជ្ញាធរជាតិអប្សរាបានអភិរក្ស និងជួសជុលយ៉ាងយកចិត្តទុកដាក់។
លោក រស់ វិសុទ្ធ មន្រ្តីអភិរក្សប្រាសាទនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទឥដ្ឋជ្រុងខាងជើងនៃក្រុមប្រាសាទភ្នំក្រោមនេះ បានចាប់ផ្តើមជួសជុលនៅអំឡុងខែ មិថុនា និងបញ្ចប់ទាំងស្រុងនៅចុងខែ ធ្នូ ឆ្នាំ២០២៤។ លោកបន្តថា ប្រាសាទនេះមានទំហំប្រមាណ៦ម៉ែត្រ និងកម្ពស់ជាង៧ម៉ែត្រ។
ចំពោះស្ថានភាពមុនជួសជុល អ្នកជំនាញបានពន្យល់ថា ដំបូល និងតួជញ្ជាំងរបស់ប្រាសាទមានសភាពពុកផុយ ហើយរដូវវស្សាមានទឹកភ្លៀងហូរច្រោះតាមថ្នេរឥដ្ឋ ដែលមូលហេតុបណ្ដាលមកពីអាយុកាល អាកាសធាតុ និងរុក្ខជាតិដុះចាក់ហែកឥដ្ឋជាដើម។ល។ ចំពោះបច្ចេកទេសជួសជុលវិញ លោក រស់ វិសុទ្ធ ពន្យល់ថា ក្រុមការងារបានព្យាយាមរក្សាឥដ្ឋចាស់ ដោយក្នុងនោះប្រមូលឥដ្ឋដែលនៅសេសសល់ បន្ទាប់មកកាត់ឥដ្ឋថ្មីបិទភ្ជាប់នៅទីតាំងដែលបាត់ឥដ្ឋ និងរៀបជញ្ជាំងយកលំនាំតាមរចនាសម្ពន្ធចាស់។
ក្រោយជួសជុលបានស្អាតវិញហើយ ប្រាសាទនេះមានភាពទាក់ទាញខ្លាំង និងគួរជាទីទស្សនា។ ប្រាសាទភ្នំក្រោមមានជម្រើសច្រើនឱ្យភ្ញៀវទស្សនា ក្នុងនោះអាចទស្សនាផ្ទៃទឹកបឹងទន្លេសាប បរិស្ថានដ៏ស្រស់បំព្រង សម្រស់វាលស្រែខៀវ និងពណ៌មាស ទស្សនាថ្ងៃរះ ថ្ងៃលិច ភូមិឋានជុំវិញភ្នំ និងវត្តអារាមជាដើម៕




