ទឹកជំនន់ បានហក់ឡើងយ៉ាងលឿន នៅថ្ងៃច័ន្ទ នៅភាគឦសានប្រទេសអូស្ត្រាលី ដោយបង្ខំមនុស្សជាច្រើនត្រូវជម្លៀសចេញ និងកាត់ផ្ដាច់ផ្លូវហាយវេដ៏សំខាន់ រួមទាំងអគ្គិសនី។

អាជ្ញាធរ បាននិយាយថា ខ្យល់ព្យុះបង្កជាទឹកជំនន់រយៈពេល ២ ថ្ងៃជាប់ៗគ្នា នៅផ្នែកខ្លះនៃរដ្ឋ Queensland ដោយលេបត្របាក់ផ្ទះ អាជីវកម្ម និងផ្លូវថ្នល់ ។
រូបភាពពីលើអាកាស បានបង្ហាញពីសហគមន៍ជនបទដែលហ៊ុំព័ទ្ធដោយទឹកជំនន់ ដែលកាត់ផ្តាច់ចេញពីផ្លូវហាយវេនៅក្បែរនោះ។
ទន្ទឹមនោះ អភិបាលរដ្ឋ លោក David Crisafulli បានព្រមាននៅក្នុងសន្និសីទសារព័ត៌មានមួយថា ភ្លៀងធ្លាក់ និងព្យុះនឹងបន្តរីករាលដាលពាសពេញភាគខាងជើងនៃរដ្ឋ Queensland ។
លោក បន្តថា យើងនៅតែត្រៀមខ្លួនសម្រាប់ការបន្តមានភ្លៀងធ្លាក់បន្ថែមទៀត និងលទ្ធភាពនៃការជន់លិចបន្ថែមទៀត ទាំងជំនន់ទឹកជំនន់ និងជំនន់ពីទឹកទន្លេ។
លោក បញ្ជាក់ថា តំបន់ក្នុងទីក្រុង Townsville ដែលរងគ្រោះដោយទឹកជំនន់ ដែលជាគោលដៅទេសចរណ៍ឆ្នេរដ៏ពេញនិយមនៅជិតតំបន់ Great Barrier Reef ត្រូវបានប្រកាសថា ជាតំបន់ខ្មៅ ៕

ដោយ៖ ពេជ្រ