លោក Trump និងប្រធានអង្គការណាតូ ជួបពិភាក្សាអំពីបញ្ហាសន្តិសុខពិភពលោក

មន្ត្រី NATO បានឲ្យដឹងថា អគ្គលេខាធិការរបស់ខ្លួនលោក Mark Rutte បានជួបជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump ហើយបានពិភាក្សាអំពីបញ្ហាសន្តិសុខពិភពលោកជាច្រើនដែលកំពុងប្រឈមមុខនឹងសម្ព័ន្ធមិត្ត។

លោក Trump និងលោក Rutte ត្រូវបានគេរាយការណ៍ថាបានជួបគ្នាកាលពីថ្ងៃសុក្រនៅ Palm Beach រដ្ឋ Florida ជាកន្លែងដែល Trump មានផ្ទះរបស់គាត់នៅទីនោះ។ ពួកគេ​ត្រូវ​បាន​គេ​ជឿ​ថា​បាន​ពិភាក្សា​បញ្ហាសន្តិសុខពិភពលោក​រួម​ទាំង​ស្ថានការណ៍​នៅ​អ៊ុយក្រែនផងដែរ។ កិច្ចប្រជុំនេះបានទាក់ទាញការយកចិត្តទុកដាក់ យ៉ាងខ្លាំងខណៈដែលលោក Trump បានត្អូញត្អែរម្តងហើយម្តងទៀតថាសម្ព័ន្ធមិត្តណាតូជាច្រើនពឹងផ្អែកតែលើសហរដ្ឋអាមេរិកសម្រាប់វិស័យការពារជាតិ ហើយបានប្រកាសថាលោកនឹងពិនិត្យឡើងវិញនូវសម្ព័ន្ធភាពនេះ។ គាត់ត្រូវបានគេរំពឹងថានឹងទាមទារឱ្យសមាជិកផ្សេងទៀតបង្កើនការចំណាយសម្រាប់ណាតូ ហើយកុំពឹងតែលើអាមេរិក។

 ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃសុក្រថា លោក Trump កំពុងពិចារណាលើការបង្កើតបេសកជនពិសេសមួយ ដើម្បីបញ្ចប់ការប្រយុទ្ធនៅក្នុងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ តាមរបាយការណ៍នេះនិយាយថាលោកTrump អាចនឹងទាញយកជំនួយការរបស់គាត់ Richard Grenell សម្រាប់តំណែងដ៏សំខាន់នេះ។ លោក Grenell បានធ្វើការឱ្យអតីតរដ្ឋបាល Trump ជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសអាល្លឺម៉ង់ និងជានាយកស្តីទីនៃចារកម្មជាតិ។ លោកក៏បានអមដំណើរលោក Trump ក្នុងកិច្ចពិភាក្សារបស់លោកជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅទីក្រុងញូវយ៉កក្នុងខែកញ្ញាកន្លងទៅ។ ប្រសិនបើត្រូវបានតែងតាំងជាបេសកជនពិសេស លោក Grenell ត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការចរចាសម្រាប់បទឈប់បាញ់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment