រុស្ស៊ី ប្រកាសស្វាគមន៍ទំនាក់ទំនងល្អទ្បើងវិញជាមួយ Trump

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ទីក្រុងមូស្គូមានឆន្ទៈក្នុងការពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump ប្រសិនបើគាត់ប្រកាន់ខ្ជាប់នូវផែនការស្តារទំនាក់ទំនងជាមួយរុស្ស៊ីឡើងវិញ។ យ៉ាងណាក៏ដោយលោកថា វាមិនបានទទួលសំណើជាក់លាក់ណាមួយពីទីក្រុងវ៉ាស៊ីនតោនក្នុងរឿងនេះទេ។គួររំលឹកថា លោក Trump បាន​សន្យា​ជាសាធារណ​ថា លោក​អាច​សម្រេច​បាន​ការ​ចរចា​ដោះស្រាយ​ជម្លោះ​អ៊ុយក្រែន​ក្នុង​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ កាលពីខែធ្នូ លោកក៏បាននិយាយផងដែរថា លោកនឹងរង់ចាំកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីបញ្ចប់អរិភាព។

ទីក្រុងមូស្គូបានប្រកាសឲ្យដឹងម្តងហើយម្តងទៀតថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាអំពីដំណោះស្រាយសន្តិភាពដ៏មានសក្តានុពល ហើយបានចោទប្រកាន់ទីក្រុងគៀវពីការបដិសេធមិនចូលរួមក្នុងការចរចា។

កាលពីថ្ងៃព្រហស្បតិ៍ លោក Peskov បាននិយាយថា លោកពូទីន នឹងស្វាគមន៍ស្ថានភាពមួយដែល លោក Trump នឹង រក្សាឆន្ទៈនយោបាយរបស់គាត់ដើម្បីស្តារទំនាក់ទំនងក្នុងកម្រិតខ្ពស់បំផុតបន្ទាប់ពីការចូលកាន់តំណែងរបស់គាត់នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៥។ចំណែក ប្រធានាធិបតីរុស្ស៊ី បាននិយាយម្តងហើយម្តងទៀតអំពីការត្រៀមខ្លួនរបស់គាត់សម្រាប់ការពិភាក្សាសន្តិភាពជាមួយ លោកTrump។ យោងតាមលោក Peskov ទីក្រុងម៉ូស្គូមិនបានទទួលសំណើជាក់លាក់ណាមួយពីសហរដ្ឋអាមេរិកលើបញ្ហានេះទេ។ លោក​បាន​ស្នើ​ថា សម្រាប់​ហេតុផល​ជាក់ស្តែង” វា​នឹង​មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​រង់ចាំ​រហូត​ដល់​លោក Trump ចូល​កាន់​តំណែង។

ថ្លែងទៅកាន់អ្នកកាសែតនៅឯគេហដ្ឋាន Mar-a-Lago របស់លោកក្នុងរដ្ឋផ្លរីដាកាលពីដើមសប្តាហ៍នេះ លោក Trump បាននិយាយថាគាត់ប្រហែលជាត្រូវការពេលរហូតដល់ប្រាំមួយខែបន្ទាប់ពីការឡើងកាន់តំណែងដើម្បីជួយទីក្រុងម៉ូស្គូ និងទីក្រុងគៀវសម្រេចបានកិច្ចព្រមព្រៀងមួយ។ បេសកជនពិសេសរបស់លោក Trump ស្តីពីជម្លោះអ៊ុយក្រែន ឧត្តមសេនីយ៍ទោ ខេត ខេឡូក នៃកងទ័ពអាមេរិកចូលនិវត្តន៍បានប្រាប់ Fox News ថាលោក Trump ចង់កំណត់ពេលវេលា ១០០ថ្ងៃដើម្បីបញ្ចប់ជម្លោះ។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានឲ្យដឹងថាក្រុមរបស់លោក Trump កំពុងពិចារណាលើការបង្កកជម្លោះនៅតាមខ្សែបន្ទាត់ខាងមុខបច្ចុប្បន្ន។ ប៉ុន្តែទីក្រុងមូស្គូបាននិយាយម្តងហើយម្តងទៀតថា ខ្លួនព្យាយាមបញ្ចប់ជម្លោះ មិនមែនបង្កកជម្លោះនោះទេ។

កាលពីខែធ្នូ លោក ពូទីន បានប្រាប់សន្និសីទសារព័ត៌មានថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួប និងពិភាក្សាជាមួយលោក Trump ។ មុននេះ លោកក៏បានលើកឡើងពីលក្ខខណ្ឌសម្រាប់ដំណោះស្រាយដោយសន្តិវិធី រួមទាំងបទឈប់បាញ់ភ្លាមៗ និងការត្រៀមខ្លួនសម្រាប់ការចរចា ប្រសិនបើកងកម្លាំងអ៊ុយក្រែនដកខ្លួនចេញពីទឹកដីរុស្ស៊ីទាំងអស់ រួមទាំងតំបន់ដែលបានចូលរួមជាមួយប្រទេសនេះ បន្ទាប់ពីការបោះឆ្នោតប្រជាមតិនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២២ ផងដែរ។ លោក ពូទីន ក៏បានអំពាវនាវផងដែរ ឱ្យទីក្រុងគៀវបោះបង់ចោល នូវមហិច្ឆតាចូលអង្គការណាតូ និងប្រកាន់យកនូវស្ថានភាពអព្យាក្រឹត និងគ្មានអាវុធនុយក្លេអ៊ែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment