មន្ត្រីជាន់ខ្ពស់ក្រសួងដឹកជញ្ជូន លោក Joo Jong Wan បាននិយាយថា អ្នកឯកទេសកូរ៉េខាងត្បូង នឹងពិនិត្យមើលទំហំនៃការខូចខាតប្រអប់ខ្មៅដែលទើបតែរកឃើញ នៅក្នុងយន្តហោះ Jeju Air បន្ទាប់ពីជួបឧបទ្ទវហេតុផ្ទុះ កាលពីថ្ងៃទី ២៩ ខែធ្នូ ។
មន្ត្រី បានឲ្យដឹងថា ប្រអប់ខ្មៅ កំពុងដឹកជញ្ជូនទៅកាន់អាកាសយានដ្ឋាន Gimpo នៅម៉ោងប្រហែល ១០ ព្រឹកថ្ងៃចន្ទនេះ បន្ទាប់មក អ្នកជំនាញនឹងវាយតម្លៃពីទំហំនៃការខូចខាត និងលទ្ធភាពការទាញយកទិន្នន័យ ។
ទន្ទឹមនោះ របាយការណ៍ ក៏បានបង្ហាញថា ប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅពីរ ដែលជាឧបករណ៍ថតទិន្នន័យហោះហើរ រងការខូចខាត ក្រោយរកឃើញ ខណឧបករណ៍ថតសំឡេងកាប៊ីនយន្តហោះ មិនប៉ះទង្គិចទេ ។
ការខូចខាតចំពោះឧបករណ៍ថតសំឡេង ត្រូវបានគេរំពឹងថានឹងអូសបន្លាយពេលឌិគ្រីបប្រអប់ខ្មៅ។ អ្នកជំនាញកូរ៉េខាងត្បូង ប៉ាន់ប្រមាណថា វានឹងចំណាយពេលប្រហែលមួយខែ ដើម្បីឌិកូដទិន្នន័យទាំងស្រុង។
ជាមួយគ្នានោះ មន្ត្រី បញ្ជាក់ថា បើឧបករណ៍ទាំងអស់នេះ មិនមានការខូចខាតនោះ ដំណើរការនេះ នឹងចំណាយពេលប្រហែលមួយសប្តាហ៍ ប៉ុណ្ណោះ ។
ប្រសិនបើអ្នកជំនាញកូរ៉េខាងត្បូង ជួបប្រទះការលំបាកក្នុងការឌិកូដ ប្រអប់ខ្មៅអាចត្រូវបានប្រគល់ទៅឱ្យសមភាគីអាមេរិកនៅឯក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) ជំនួសវិញ។
គួរបញ្ជាក់ថា ឧបទ្ទវហេតុផ្ទុះយន្តហោះ Jeju Air នេះ បានឆក់យកជីវិតមនុស្ស ១៧៩ នាក់ ក្នុងចំណោមមនុស្ស ១៨១ នាក់ ដែលជាការសម្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសកូរ៉េខាងត្បូង ៕
ដោយ៖ ពេជ្រ