អាជ្ញាធរដែលដឹកនាំដោយក្រុមឧទ្ទាមថ្មីរបស់ប្រទេសស៊ីរី បានឲ្យដឹងថា អ្នកគាំទ្រប្រធានាធិបតីដែលរត់ចេញពីស្រុកលោក បាសាអាល់ អាសាដ សម្លាប់ទាហានក្រសួងមហាផ្ទៃចំនួន ១៤ នាក់ នៅក្នុងការវាយឆ្មក់ភាគខាងលិចនៃប្រទេស។
ប្រភពដដែល បញ្ជាក់ថា ទាហាន ១០ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការប្រយុទ្ធគ្នា កាលពីថ្ងៃអង្គារ នៅជិតកំពង់ផែ Tartous មេឌីទែរ៉ាណេដែលជាបន្ទាយរឹងមាំនៃនិកាយ Alawite Muslim ជនជាតិភាគតិចរបស់លោក អាសាដ ។
ការប៉ះទង្គិចគ្នាជាមួយពួកអ្នកស្មោះស្ម័គ្រគាំទ្រលោក អាសាដ គឺជាបញ្ហាប្រឈមដោយផ្ទាល់ជាលើកដំបូង ចំពោះសិទ្ធិអំណាចរបស់មេដឹកនាំស៊ីរី លោក Ahmad al-Sharaa ។
គួរបញ្ជាក់ថា តំណែងប្រធានាធិបតីរបស់លោក អាសាដ បានធ្លាក់ទៅលើកងកម្លាំងឧទ្ទាមដែលដឹកនាំដោយក្រុមអ៊ីស្លាមនិយម Hayat Tahrir al-Sham (HTS) នៃក្រុម al-Sharaa ទើបតែជាង ២ សប្តាហ៍មុន ប៉ុណ្ណោះ៕
ដោយ៖ ពេជ្រ