ក្រសួងព័ត៌មានលុបចោលសុពលភាពនៃប័ណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះ ខាន់ សារ័ត្ន ក្រោយពីបានរកឃើញកំហុសឆ្គងវិជ្ជាជីវៈធ្ងន់ធ្ងរ

ក្រសួងព័ត៌មានបានចេញនូវសេចក្តីប្រកាសព័ត៌មាន ដោយមានខ្លឹមសារទាំងស្រុងថា៖ នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង មានរូបភាពដែលត្រូវបានបង្ហោះអមដោយការអត្ថាធិប្បាយជាមួយពាក្យសម្តីមិនសមរម្យលើរូបរាងកាយស្ត្រី និងការយកដៃទៅអង្អែលថ្ពាល់របស់ជនសង្ស័យជាស្ត្រី។

តាមការស្រាវជ្រាវ ភាសាដែលបានប្រើប្រាស់ និងដៃដែលអង្អែលថ្ពាល់ស្ត្រីជនសង្ស័យ គឺជាដៃរបស់អ្នកកាសែតអនឡាញម្នាក់ឈ្នោះ ខាន់ សារ័ត្ន ដែលរស់នៅ និងបម្រើការនៅខេត្តស្វាយរៀង។ ទង្វើនេះជាទង្វើខ្វះសីលធម៌ និងបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលហាមឃាត់ មិនឱ្យអ្នកសារព័ត៌មានប្រើប្រាស់ពាក្យសម្តី និងបៀតបៀនរូបរាងកាយរបស់ស្ត្រីឡើយ។

វិធានការនៅចំពោះមុខ គឺក្រសួងព័ត៌មានបានសម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះ ខាន់ សារ័ត្ន នេះភ្លាមៗក្រោយពីបានរកឃើញមានកំហុសឆ្គងវិជ្ជាជីវៈធ្ងន់ធ្ងរ។

ក្រសួងព័ត៌មាន ក៏បានដាក់បុគ្គលនេះក្នុងបញ្ជីហាមឃាត់មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងសកម្មភាពនានាក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ចាប់ពីពេលនេះតទៅ។ បន្ថែមលើនេះ នៅព្រឹកស្អែក មន្ត្រីជំនាញនៃក្រសួងព័ត៌មាននឹងកោះហៅបុគ្គលឈ្មោះ ខាន់ សារ័ត្ន នេះមកធ្វើណែនាំ និងអនុវត្តវិធានការស្របតាមលិខិតបទដ្ឋានគតិយុត្តនិងច្បាប់ជាធរមាន។ 

ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏សូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានផ្សេងទៀត និងសាធារណជន មេត្តាបញ្ឈប់ការចែកចាយ និងផ្សព្វផ្សាយនូវរូបភាពឃ្លីបវីដេអូដែលមានបញ្ហានេះ និងសូមក្រើនរំឭកដល់អ្នកសារព័ត៌មានទាំងអស់សូមប្រកាន់ខ្ជាន់នូវក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ជាធរមាន៕

Written by 

Related posts

Leave a Comment