អាជ្ញាធរកម្ពុជាបានបញ្ជូនពលករថៃចំនួន ២៨ នាក់ ទៅកាន់ប្រទេសកំណើតវិញ បន្ទាប់ពីរកឃើញថា មកធ្វើការខុសច្បាប់នៅព្រះរាជាណាចក្រកម្ពុជា។ ការបញ្ជូនចេញនោះធ្វើទ្បើងនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម។
អាជ្ញាធរនៃភាគីថៃនៅច្រកព្រំដែនហាតឡេក រង់ចាំទទួលបញ្ជូនបន្តឱ្យវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេ ក្រោមកិច្ចទំនាក់ទំនងសហការជាមួយនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិចាំយាម។
លោកវរសេនីយ៍ឯក ង៉ុយ ជៀង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ថ្លែងនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះថា ការអនុវត្តច្បាប់ចំពោះពលករថៃ ២៨ នាក់ នៅពេលនេះ ធ្វើឡើងតាមច្បាប់អន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំគោលការណ៍ទៅក្រសួងមហាផ្ទៃ ទាក់ទងទៅស្ថានទូតថៃ។
នាយប៉ុស្តិ៍នគរបាលអអន្តោប្រវេសន៍បានបន្តទៀតថា ក្រុមពលករថៃ ២៨ នាក់ បន្ទាប់ពីចុះប្រតិបត្តិការបង្ក្រាបរបស់កងកម្លាំងសមត្ថកិច្ចនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឃាត់ខ្លួននៅរាជធានីភ្នំពេញ កន្លងទៅ៕


