ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បាននិយាយថា សហរដ្ឋអាមេរិក ចាប់ផ្ដើមយុទ្ធនាការមួយដើម្បីបង្ខូចកេរ្តិ៍ឈ្មោះប្រទេសវេណេស៊ុយអេឡា ដោយប្រើព័ត៌មានមិនពិត។

លោក បានលើកឡើងថា អាមេរិក បើកយុទ្ធនាការមួយដើម្បីបង្ខូចកេរ្តិ៍ឈ្មោះប្រទេសវេណេស៊ុយអេឡា និងបដិវត្តន៍បូលីវ៉ា ក្នុងគោលបំណងដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃសកម្មភាពណាមួយប្រឆាំងនឹងប្រទេសនេះ។ សហរដ្ឋអាមេរិកផ្សព្វផ្សាយព័ត៌មានមិនពិត ដែលថាយើងមានអាវុធប្រល័យលោក អាវុធជីវសាស្ត្រ អាវុធគីមី ហើយថាយើងកំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។
លោក បានសង្កត់ធ្ងន់ថា ប្រទេសវេណេស៊ុយអេឡាគឺជាប្រទេសសន្តិភាព ហើយមិនដែលគំរាមកំហែងប្រទេសណាឡើយ។ លោក បានរំលឹកថា ការជ្រៀតជ្រែករបស់ CIA ទៅក្នុងកិច្ចការផ្ទៃក្នុង ដែលនាំឱ្យមានការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដូចជាឧទាហរណ៍ នៅប្រទេសឈីលីក្នុងឆ្នាំ ១៩៧៣ ។
យោងតាម លោក ម៉ាឌូរ៉ូ បានបន្ថែមថា ឯកភាពគោលនយោបាយយោធាជាតិ ធានានូវឯករាជ្យភាព និងការការពាររបស់ប្រទេសវេណេស៊ុយអេឡា។ លោក បន្តថា អាមេរិកឡាទីននឹងដើរតាមមាគ៌ារបស់ខ្លួនដោយមានការដឹកនាំដោយប្រទេសវេណេស៊ុយអេឡា សម្ព័ន្ធភាពបូលីវ៉ារីដើម្បីប្រជាជនអាមេរិក និងបដិវត្តន៍បូលីវ៉ារី។
ភាពតានតឹងនេះ កើតឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទីក្រុងការ៉ាកាស ថាមិនបានចាត់វិធានការគ្រប់គ្រាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀន។ ក្រោមលេសនេះ សហរដ្ឋអាមេរិក បានដាក់ពង្រាយកងកម្លាំងយ៉ាងច្រើនទៅកាន់តំបន់ការ៉ាប៊ីន។ នាវាចម្បាំងអាមេរិកចំនួន ៨គ្រឿង នាវាមុជទឹកមួយគ្រឿង និងកងទ័ពជាង ១៦.០០០ នាក់ ត្រូវគេរាយការណ៍ថា កំពុងឈរជើងនៅការ៉ាប៊ីន។ ចាប់តាំងពីខែកញ្ញាមក សហរដ្ឋអាមេរិក បានបំផ្លាញទូកយ៉ាងហោចណាស់ ២០ គ្រឿង និងសម្លាប់មនុស្ស ៧៦ នាក់ ដែលអះអាងថាពាក់ព័ន្ធការជួញដូរគ្រឿងញៀនពីប្រទេសវេណេស៊ុយអេឡា៕

ដោយ៖ ពេជ្រ
