​កងកម្លាំងចម្រុះសៀមជាច្រើននាក់ប្រដាប់ដោយអាវុធ បានបន្តសកម្មភាព​ឈូសឆាយនៅតំបន់ភូមិព្រៃចាន់ ឃុំអូរបីជាន់

បន្ទាយមានជ័យ ៖ កងកម្លាំងចម្រុះថៃជាច្រើននាក់ប្រដាប់ដោយអាវុធ បានបន្តសកម្មភាពរំលោភបំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយលួចធ្វើការឈូសឆាយនៅតំបន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ។

សកម្មភាពបំពានរបស់កងកម្លាំងសៀមនេះ គឺបានធ្វើការឈូសឆាយនៅទីតាំងថ្មីប៉ែកខាងឆ្វេង ពីទីតាំងចាស់ដែលសៀមបានឈូសឆាយកាលពីពេលថ្មីៗនេះ នៅភូមិព្រៃចាន់ដូចគ្នា។

គួរបញ្ជាក់ថា ក្នុងរយៈប៉ុន្មានថ្ងៃនេះសៀមបានធ្វើសកម្មភាពបំពានជាបន្តបន្ទាប់ទាំងការឈូសឆាយ ដីចម្ការរបស់ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ដែលបានអាស្រ័យផលជាយូរមកហើយ និងបន្តចាក់សំឡេងរំខានលឺខ្លាំងៗ ដូចជាសម្លេងខ្មោច ឆ្កែព្រុស ឆ្កែលូ សម្លេងខ្យល់ សម្លេងយន្តហោះ។ល។ ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាពលរដ្ឋនៅភូមិព្រៃចាន់ និងភូមិជោគជ័យ។

សូមបញ្ជាក់ជាថ្មីថា កម្ពុជានៅតែអះអាងពីការប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី តាមរយៈការអត់ធ្មត់កម្រិតខ្ពស់បំផុត និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនបទឈប់បាញ់ ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី នៅតាមតំបន់ព្រំដែន៕

Written by 

Related posts

Leave a Comment