ពេលដែលភ្ញៀវទេសចរជាច្រើន បានមកទស្សនាប្រាសាទអង្គរវត្ត ក្រៅតែពីគេចាប់អារម្មណ៍ទៅលើសំណង់បុរាណដ៏អស្ចារ្យ ក្នុងនោះ ក៏ចាប់អារម្មណ៍ទៅលើចម្លាក់ទេពអប្សរនៅតាមជញ្ជាំងនៃប្រាសាទអង្គរវត្ត ដែលមានការឆ្លាក់លម្អពីមួយទីមួយខុសប្លែកពីគ្នា មានភាពរស់រវើកគួរឱ្យកោតស្ងប់ស្ញែងក្រៃលែង។
ចម្លាក់ទេពអប្សរទាំងអស់នោះ បង្ហាញនូវសម្លៀកបំពាក់ ម៉ូដសក់ គ្រឿងអលង្ការ ទម្រង់មុខ ដងខ្លួន មានភាពប្រណិតល្អឥតខ្ចោះនៃជាងចម្លាក់ដ៏បុិនប្រសព្វ ធ្វើឱ្យទេសចរមានអារម្មណ៍ត្រឡប់ពេលវេលាទៅសម័យអង្គរដ៏រុងរឿងដូច្នោះដែរ ដែលបានទាក់ទាញទេសចរជាតិ-អន្តរជាតិ ទស្សនាមិនជិនណាយ និងថតផ្តិតរូបភាពជាអនុស្សាវរីយ៍ផង៕





