មន្ត្រីនៅទីក្រុងប៉េកាំង បាននិយាយថា ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te កំពុងលក់ខ្លួនទៅឱ្យមហាអំណាចបរទេស ដើម្បីទទួលបានឯករាជ្យ និងការបំបែកខ្លួនរបស់កោះគ្រប់គ្រងដោយខ្លួនឯង។

នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធីវិទ្យុអាមេរិកអភិរក្សនិយម ‘The Clay Travis and Buck Sexton Show’ កាលពីថ្ងៃចន្ទ លោក Lai បានរំលឹកឡើងវិញថា លោក មើលឃើញតៃវ៉ាន់ជាប្រទេសឯករាជ្យ និងមិនមែនជាផ្នែកនៃប្រទេសចិន ដោយសង្កត់ធ្ងន់ថាទីក្រុងប៉េកាំងគ្មានសិទ្ធិឈ្លានពានកោះនោះទេ។
លោក ក៏បានអះអាងផងដែរថា ប្រធានាធិបតីអាមេរិកលោក Donald Trump គួរតែឈ្នះរង្វាន់ណូបែលសន្តិភាព ប្រសិនបើលោក បញ្ចុះបញ្ចូលលោកប្រធានាធិបតីចិន Xi Jinping ឱ្យបោះបង់ជាអចិន្ត្រៃយ៍នូវការប្រើប្រាស់កម្លាំងប្រឆាំងនឹងតៃវ៉ាន់។
ជាការឆ្លើយតប ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បានហៅការលើកឡើងរបស់លោក Lai ថាមិនសមហេតុសមផល ហើយបានចោទប្រកាន់លោកថា ផ្សព្វផ្សាយបំភាន់នៃឯករាជ្យភាពរបស់តៃវ៉ាន់៕

ដោយ៖ ពេជ្រ