ក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប បានរួមដំណើរជាមួយម៉ារ៉ុក និងទុយនេស៊ី ដើម្បីលេងតំណាងទ្វីបអាហ្រ្វិក (CAF) នៅព្រឹត្តិការណ៍ World Cup នាឆ្នាំក្រោយនេះនៅប្រទេសអាមេរិក មិចស៊ិក និងកាណាដា ក្រោយបំបាក់ម្ចាស់ផ្ទះ Djibouti ដោយលទ្ធផល ៣-០ កាលពីយប់មិញ។
ក្នុងជំនួបនោះដែរ ប្រធានក្រុម Mohamed Salah ធ្វើបាន ២គ្រាប់ម្នាក់ឯង និងកើនបាន ៩គ្រាប់ច្រើនជាងគេផងដែរនៃវគ្គជម្រុះ World Cup 2026 ជំនាន់ទី២៣ ប្រចាំតំបន់អាហ្វ្រិក តាមពីក្រោយដោយកីឡាករ Denis Bouanga របស់កាបុង។ លទ្ធផលនេះបានធ្វើឲ្យ អេហ្ស៊ីប ឈរទីកំពូលប្រចាំពូល A ដ្បិតនៅសល់ ១ប្រកួតទៀតក៏ដោយ។
ហើយនេះក៏ជាលើកទី៤ ផងដែរសម្រាប់ពួកគេ បានដែលឆ្លងចូលជុំចុងក្រោយ នៃកម្មវិធី ៤ឆ្នាំម្តង នាឆ្នាំ១៩៣៤ ១៩៩០ និងចុងក្រោយឆ្នាំ២០១៨ ដោយបានអវត្តមាននៅប្រទេសកាតាកាលឆ្នាំ២០២២ ដែលអាហ្សង់ទីនជាជើងឯក
គួរជម្រាបផងថា សម្រាប់ World Cup ក្រោមទម្រង់ថ្មីដែលកើនដល់ ៤៨ក្រុម (ប្រទេស) សហព័ន្ធ FIFA បានផ្តល់ ៩កៅអីកន្លះចំពោះអាហ្រ្វិក ខណៈតំបន់នេះទើបទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះកម្មវិធីនេះតែ ១លើកប៉ុណ្ណោះកាលឆ្នាំ២០១០ នៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង ពេលអេស្ប៉ាញជាម្ចាស់ជើងឯក៕
