ក្រុមមន្ត្រី បាននិយាយ កាលពីថ្ងៃអាទិត្យថា ការរអិលបាក់ដី និងទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសនេប៉ាល់ និងប្រទេសឥណ្ឌាជិតខាងគ្នា បណ្ដាលឱ្យមនុស្សជាង ៦០នាក់ ស្លាប់។

ភ្លៀងធ្លាក់យ៉ាងគំហុក បានបោកបក់លើប្រទេសនេប៉ាល់ ចាប់តាំងពីថ្ងៃសុក្រ ដោយធ្វើឱ្យទឹកទន្លេហក់ឡើងខ្លាំង និងតំបន់ជាច្រើននៃជួរភ្នំហិម៉ាឡៃត្រូវជន់លិច។
លោក Shanti Mahat អ្នកនាំពាក្យអាជ្ញាធរគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិរបស់ប្រទេសនេប៉ាល់ បានប្រាប់ឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៤៣ នាក់ស្លាប់នៅក្នុងគ្រោះមហន្តរាយដែលបង្កឡើងដោយទឹកភ្លៀង និង ៥ នាក់កំពុងបាត់ខ្លួន ខណៈ ៣៧ នាក់ត្រូវបានសម្លាប់ ដោយការបាក់ដីនៅក្នុងស្រុក Illam ភាគខាងកើតដែលរងផលប៉ះពាល់ខ្លាំងបំផុត។
ភ្លៀងមូសុង ជាធម្មតាមានឥទ្ធិពល ចាប់ពីខែមិថុនា ដល់ខែកញ្ញា បង្កឱ្យមានការសម្លាប់ និងការបំផ្លិចបំផ្លាញជារៀងរាល់ឆ្នាំ នៅទូទាំងអាស៊ីខាងត្បូង ប៉ុន្តែអត្រានៃទឹកជំនន់ និងការរអិលបាក់ដីបានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

អ្នកជំនាញ បាននិយាយថា ការប្រែប្រួលអាកាសធាតុ ធ្វើឱ្យកាលវិភាគ ប្រេកង់ និងអាំងតង់ស៊ីតេកាន់តែអាក្រក់ទៅៗ។
មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍ភ្នំរួមបញ្ចូលគ្នាដែលមានមូលដ្ឋាននៅទីក្រុង Kathmandu បានព្រមាន កាលពីខែមិថុនាថា សហគមន៍ប្រឈមនឹងហានិភ័យនៃគ្រោះមហន្តរាយកាន់តែខ្លាំងឡើងក្នុងរដូវខ្យល់មូសុងនេះ៕

ដោយ៖ ពេជ្រ