លោក ឆយ យ៉ុងស៊ុក គ្រូបង្គោលក្រុមកីឡាតេក្វាន់ដូ WT ជម្រើសជាតិកម្ពុជា ប្រាប់ថា កូនក្រុមចំនួន៣រូបដែលមានកីឡាករ២រូប និងកីឡាការិនីមួយរូបនឹងចូលរួមព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅពីចន្លោះថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែតុលា នាក្រុង Manama ប្រទេសបារ៉ែន។

ក្នុងការចូលរួមលើកទី១សម្រាប់តេក្វាន់ដូ WT កម្ពុជា គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងថ្លែងថា កូនក្រុមដែលបានចូលរួមធ្លាប់មានបទពិសោធចូលរួមការប្រកួតអន្តរជាតិខ្លះៗដែរ ហើយកន្លងមក លោកបានព្យាយាមបំពេញចំណុចខ្វះខាតពួកគេ មុនទៅប្រទេសបារ៉ែន។ ពិតណាស់គោលដៅនៃការចូលរួមប្រកួត គឺប្រជែងមេដាយ តែថា អ្វីសំខាន់ពីនោះ គឺការពង្រឹងខ្លួនឱ្យខ្លាំងជាមុនសិន។
ចំណែកកីឡាករ សេង ម៉េងឈុន កីឡាការិនី ហេង ម៉ាលីស និង កីឡាករ គា សុភា ដែលជាបេក្ខភាពឆ្ពោះទៅព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៥ នេះ អះអាងថា បានប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងនាពេលកន្លងមក។ ពួកគេនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីលទ្ធផលវិជ្ជមានជូនជាតិ ទោះបីជាការចូលរួមកម្រិតអាស៊ីលើកដំបូងក្ដី។
កីឡាតេក្វាន់ដូ WT ស្ថិតក្នុងចំណោមកីឡាទាំង១៣របស់កម្ពុជាត្រូវបានសម្រេចបញ្ជូនទៅចូលរួមការប្រកួតកីឡាយុវជន អាស៊ី ២០២៥ នៅប្រទេសបារ៉ែនចុងខែនេះ។ សម្រាប់វិញ្ញាសាប្រកួត លោក ឆយ យ៉ុងស៊ុក ដែលជាគ្រូបង្គោលតេក្វាន់ដូ WT កម្ពុជា បញ្ជាក់ថា ផ្ដោតលើវិញ្ញាសាប្រយុទ្ធ៕(អត្ថបទពី៖ Olympiccambodia)
