គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានប្រកាសនឹងរៀបចំព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកទី១ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ នៅផ្សារទំនើបអ៊ីអនមានជ័យ ដើម្បីផ្សព្វផ្សាយ និងអប់រំ អំពីគុណតម្លៃអូឡាំពិក ដល់កុមារ ចាប់ពីអាយុ ១ឆ្នាំ ដល់ ៧ឆ្នាំ ខណៈឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធាន NOCC បានជំរុញព្រឹត្តិការណ៍នេះ ឲ្យក្លាយជាចលនាជាតិប្រចាំឆ្នាំ ចាប់ពីឆ្នាំក្រោយតទៅ។
គួរដឹងថា ការចុះឈ្មោះចូលរួមព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកទី១ នឹងចាប់ផ្ដើមទទួលពាក្យពីដើមខែតុលាទៅ តាមរយៈគេហទំព័រផ្លូវការរបស់ NOCC (https://olympiccambodia.com/) ។ ដើម្បីធានាការរៀបចំលើកដំបូងនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ គណៈកម្មការរៀបចំនឹងកំណត់ចំនួនអ្នកចូលរួមប្រមាណ ៥៥០នាក់ប៉ុណ្ណោះ។ រីឯប្រភេទកីឡា មានចំនួន ១០ ដែលបែងចែកទៅតាមប្រភេទអាយុ ដើម្បីងាយស្រួលដល់ការជ្រើសរើសចុះឈ្មោះចូលរួមរបស់អាណាព្យាបាល៕


