លោក Yahya Saree អ្នកនាំពាក្យយោធាក្រុមហ៊ូធី បានឱ្យដឹងថា ចលនាឧទ្ទាម Ansar Allah ធ្វើការវាយប្រហារលើគោលដៅជាច្រើនក្នុងទីក្រុង Tel Aviv ជាមួយនឹងមីស៊ីលផ្លោងឆ្លងទ្វីប។

លោក Saree បាននិយាយថា ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងប្រទេសយើង កងទ័ពមីស៊ីលនៃកងកម្លាំងប្រដាប់អាវុធយេម៉ែន ធ្វើប្រតិបត្តិការយោធាដោយប្រើមីស៊ីលផ្លោងល្បឿនលឿន Palestine-2 បំពាក់ដោយក្បាលគ្រាប់ផ្លោងជាច្រើន ដើម្បីវាយប្រហារទីតាំងសំខាន់ៗជាច្រើននៅក្នុងតំបន់ Yaffo ក្រុង Tel Aviv ។
ទោះជាយ៉ាងណា កងកម្លាំងការពារអ៊ីស្រាអែល (IDF) រាយការណ៍ថា បានស្ទាក់ចាប់មីស៊ីលដែលបាញ់ចេញពីប្រទេសយេម៉ែន។ ស៊ីរ៉ែនវាយប្រហារតាមអាកាសត្រូវបានបន្លឺឡើងក្នុងតំបន់ជាច្រើននៅទូទាំងប្រទេសអ៊ីស្រាអែល រួមទាំងនៅក្រុង Tel Aviv ផងដែរ។ មិនមានការរាយការណ៍ពីមនុស្សស្លាប់ ឬការខូចខាតឡើយ។

យោងតាមលោក Saree ក្រុមឧទ្ទាមយេម៉ែន ក៏បានបាញ់បញ្ជូនយន្តហោះគ្មានមនុស្សបើកចំនួន ២ ទៅកាន់តំបន់ Eilat ភាគខាងត្បូងប្រទេសអ៊ីស្រាអែល។
គួរបញ្ជាក់ថា ភាពតានតឹងនេះ បានផ្ទុះឡើង បន្ទាប់ពីមានជម្លោះនៅហ្គាហ្សា ដោយក្រុមហ៊ូធី ព្រមាននឹងវាយប្រហារនាវាទាំងអស់ដែលឆ្លងកាត់សមុទ្រក្រហម ដើម្បីជាការប្រឆាំងអ៊ីស្រាអែល៕

ដោយ៖ ពេជ្រ