នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ អញ្ជើញទទួលបដិសណ្ឋារកិច្ច លោក GAGAN MALIK ប្រធានមូលនិធិ Gagan Malik Foundation ប្រទេសឥណ្ឌា និងជាតារា Bollywood ដ៏មានប្រជាប្រិយភាពដើរតួអង្គជាព្រះពុទ្ធ រួមជាមួយក្រុមភ្ញៀវទេសចរឥណ្ឌា មកទស្សនាកម្ពុជាម្តងទៀត ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអញ្ជើញប្រតិភូទស្សនានូវសមិទ្ធផលដ៏អស្ចារ្យ អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋាន Greenfield មានផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងជាអាកាសយានដ្ឋានអន្តរជាតិប្រភេទ 4F ជាព្រលានយន្តហោះធំមួយក្នុងតំបន់មានលទ្ធភាពស្រូបយក និងទទួលបានជើងហោះហើរ រយ:ចម្ងាយឆ្លងទ្វីបជុំវិញពិភពលោក គ្រប់ប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 យន្តហោះ Boeing 747-800 ចុះចតបាន។ ជាមួយគ្នានេះវត្តមានសាជាថ្មីលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា លោក GAGAN MALIK បានផ្ញើសារទៅកាន់ពិភពលោក និងបានបង្ហាញអំពីភាពសម្បូរបែបនៃទេសចរណ៍កម្ពុជា ជាពិសេសកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សង្គមពិតជាក់ស្តែងនៅកម្ពុជា តាមរយៈទេសចរអន្តរជាតិមកទស្សនាកម្សាន្ត ប្រកបដោយសុខសុវត្ថិភាព និងបទពិសោធន៍ថ្មី។





