កម្ពុជា ថ្លែងអំណរគុណ UNESCO ដែលបានផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជាក្នុងការការពារ និងអភិរក្ស ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានទទួលរងនូវការប៉ះពាល់ដោយសារ ជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ

(ភ្នំពេញ) ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះអង្គការយូណេស្កូ (UNESCO) ដែលបានផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជាក្នុងការការពារ និងអភិរក្ស ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានទទួលរងនូវការប៉ះពាល់ដោយសារ ជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ និងបានបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តមោះមុតរបស់កម្ពុជា ដើម្បីបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយអង្គការយូណេស្កូ នាពេលខាងមុខ។

នេះជាកាបញ្ជាក់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសអនុញ្ញាតជូនលោក Sardar Umar Alam តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ខណៈលោកតំណាងអង្គការយូណេស្កូ បញ្ចប់បេសកកម្មនៅកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរ លោក Sardar Umar Alam ចំពោះកិច្ចខិតខំប្រឹងប្រែង និងបន្តគាំទ្រកម្ពុជា ជាពិសេស ក្នុងការជំរុញអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា លើវិស័យអប់រំ វប្បធម៌ បរិស្ថាន និងការអភិរក្សសម្បត្តិបេតិកភណ្ឌ។

ជាការឆ្លើយតប លោក Sardar Umar Alam បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល កម្ពុជា ជាពិសេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងអំឡុងបេសកកម្មការងាររបស់ឯកឧត្តមនៅកម្ពុជា ដែលនាំមកនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងការ ពង្រឹងប្រព័ន្ធអប់រំ ការលើកកម្ពស់សន្តិភាពនិងការអភិវឌ្ឍដោយចីរភាព ព្រមទាំង ការអភិរក្សបេតិកភណ្ឌ វប្បធម៌។ ឯកឧត្តមក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរួមចំណែករបស់អង្គការយូណេស្កូ ក្នុងការធ្វើឱ្យ ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាមានភាពប្រសើរឡើង។

នាឱកាសជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរ លោក Sardar Umar Alam ដែលត្រូវបានតែងតាំងជា នាយកប្រចាំតំបន់សម្រាប់រដ្ឋប៉ាស៊ីហ្វិករបស់អង្គការយូណេស្កូ និងបានជូនពរ ឯកឧត្តម ទទួលបានជោគជ័យជាបន្តក្នុងភារកិច្ចថ្មី និងការងារនាពេលអនាគត៕(AKP)

Written by 

Related posts

Leave a Comment