ក្រុមបិសាចក្រហម Manchester United បានកំណត់តម្លៃរួចហើយសម្រាប់ Marcus Rashford ចំពេលមានរបាយការណ៍ថាក្លឹបមានបំណងលក់ខ្សែប្រយុទ្ធ។
បន្ទាប់ពីឆ្លងកាត់ការសិក្សានៅថ្នាលយុវជនក្លិប Rashford បានចំណាយពេលពេញមួយអាជីពរបស់គេនៅ Man Utd ដោយស៊ុតបញ្ចូលទីបាន ១៣៨ គ្រាប់ក្នុងការបង្ហាញខ្លួន៤២៥ ប្រកួតសម្រាប់ក្លឹប។
ប៉ុន្តែបន្ទាប់ពីរកបាន ៣០ គ្រាប់ក្នុងរដូវកាលដំបូងរបស់លោក Erik ten Hag នៅ Old Trafford ទម្រង់លេងរបស់ Rashford បានធ្លាក់ចុះយ៉ាងខ្លាំង ហើយរូបគេក៏លែងជាប់ជម្រើសជាតិអង់គ្លេសទៀតហើយ។
ហើយបើទោះបីជាស៊ុតបញ្ចូលទីបាន ៣ គ្រាប់ក្នុងការប្រកួតពីរលើកដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Ruben Amorim ក្នុងក្របខ័ណ្ឌ Premier League ក៏ដោយ ក៏វាត្រូវបានគេអះអាងថា Rashford អាចត្រូវបានលក់ចេញនៅក្នុងខែមករា ដោយ Man Utd បានពិភាក្សារួចហើយអំពីការចាកចេញដែលអាចធ្វើទៅបាន។
យោងតាមលោក Chris Wheeler អ្នកកាសែត Daily Mail បានឲ្យដឹងថាក្រុមបិសាចក្រហមបានដាក់តម្លៃលើកីឡាករវ័យ ២៧ ឆ្នាំរួចហើយ មុនពេលទីផ្សារដោះដូរកីឡាករបើកក្នុងខែមករា។
ទោះបីជា Rashford បានចុះកិច្ចសន្យារហូតដល់ឆ្នាំ ២០២៨ ក៏ដោយក៏ Man Utd នឹងពិចារណាលើតម្លៃលក់ប្រហែល ៤០ លានផោ ជាតម្លៃមួយ ដែលគេគិតថាទាបបំផុតសម្រាប់កីឡាកររូបនេះ៕