ក្មេងស្រីម្នាក់ស្លាប់ និង ១០ នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីរថយន្តក្រុងដឹកសិស្សសាលាមួយគ្រឿង បានក្រឡាប់នៅទីក្រុង Melbourne ក្នុងរដ្ឋ Victoria នៃប្រទេសអូស្ត្រាលី កាលពីព្រឹកថ្ងៃពុធ។

ប៉ូលិសរដ្ឋ Victoria បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រថយន្តក្រុងនេះមានសិស្សសរុប ២៨ នាក់ ដោយក្រឡាប់ ខណៈកំពុងបត់ឡើងផ្លូវហាយវេ ចម្ងាយ ៧៣ គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Melbourne នៅម៉ោងប្រហែល ៨ និង ២០ នាទីព្រឹក ថ្ងៃពុធ។
យោងតាមប៉ូលិស បានបញ្ជាក់ថា តៃកុងរថយន្តអាយុ ៧៦ឆ្នាំ ក៏ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ ខណៈពេលជាសះស្បើយប៉ូលិស នឹងបន្តសាកសួរពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះ។
គួរបញ្ជាក់ថា ឧប្បត្តិហេតុនេះ បានសម្លាប់សិស្សចំនួនម្នាក់ និងជាង ១០ នាក់ ផ្សេងទៀតខ្លះរងរបួសធ្ងន់ និងខ្លះស្រាលមិនប៉ះពាល់ដល់អាយុជីវិត ខណៈមូលហេតុចម្បងដែលត្រូវបានកំណត់គឺក្រឡាប់ពេលព្យាយាមបត់ឡើងផ្លូវហាយវេ៕

ដោយ៖ ពេជ្រ