រាជធានីភ្នំពេញ តំណាងឯកឧត្តមម៉ម វាសនាប្រធានមន្ទៅទេសចរណ៏រាជធានីភ្នំពេញ ថ្លែងនៅក្នុងវគ្គផ្សព្វផ្សាយសារាចរណែនាំស្តីពី“ការគ្រប់គ្រងអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងសេវាកម្មម៉ាស្សា-ស្ប៉ា”នៅខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ លោកស្រី ហង្ស ស័ករ៉ូហ្សា អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានអំពាវនាវម្តងទៀតដល់ម្ចាស់អាជីវកម្មទេសចរណ៍ចូលរួមសហការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ដើម្បីផ្តល់ទំនុកចិត្ត និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកស្រី ហង្ស ស័ករ៉ូហ្សា បានលើកទ្បើងថា វិស័យទេសចរណ៍បានរួមចំណែកចាប់យកនូវឪកាស និងបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់មូលដ្ឋានវិញផងដែរ តាមរយៈសកម្មភាពភ្ញៀវទេសចរ ធុរកិច្ច និងការផ្សព្វផ្សាយពី បរិយាកាសអំណោយផលដល់ការវិនិយោគ។ ក្នុងឆ្នាំ២០២៤កន្លងទៅនេះ រាជធានីភ្នំពេញបាន ទទួលទេសចរសរុបចំនួន ១១,៥៨៨,៦៤០ នាក់ កើនឡើង ៤៨.៥៩% ប្រៀបធៀបនឹងពេល ដូចគ្នាក្នុងឆ្នាំ២០២៣ ក្នុងនោះ មានទេសចរជាតិចំនួន ៩,៣២០,៣៨៧ នាក់ និងទេសចរអន្តរជាតិ ចំនួន ២,២៦៨,២៥៣ នាក់។
លោកស្រីបញ្ជាក់ថា បច្ចុប្បន្នរាជធានីភ្នំពេញមានសេវាកម្មទេសចរណ៍សរុបជាង ៥០០អាជីវកម្ម ដែល ស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រងដោយរដ្ឋបាលរាជធានីភ្នំពេញ និងអាជីវកម្មដែលគ្រប់គ្រងដោយ ថ្នាក់ជាតិ អាជីវកម្មមានលក្ខណៈគ្រួសាររាប់រយទីតាំងផ្សេងទៀត ក៏បាននិងកំពុងប្រកបអាជីវកម្ម បង្កើតការងារ និងទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ផងដែរ។

លោកស្រីបានលើកទ្បើងថា តាមរយៈវគ្គផ្សព្វផ្សាយនាពេលនេះ ម្ចាស់អាជីវកម្មទាំងអស់ និងទទួលបាននូវព័ត៌មាន និងចំណេះដឹងបន្ថែមទៀតពីសារៈ សំខាន់ និងភាពចាំបាច់ក្នុងការកំណត់នូវកាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធទាំងអស់ទាំងរដ្ឋ និងផ្នែកឯកជន ដើម្បីចូលរួមអនុវត្តទាំងអស់គ្នា ព្រមគ្នា និងមានកិច្ចសហការល្អជាមួយគ្នាទៅវិញទៅមក ស្របតាមសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការទាំង៦ របស់ក្រសួងទេសចរណ៍ ដើម្បី ធានានូវនិរន្តរភាពនៃការអភិវឌ្ឍ ផលប្រយោជន៍ និងការចូលរួមថែរក្សាវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ បរិស្ថាន សង្គមរបស់យើងឱ្យបានកាន់តែប្រសើរឡើង តាមរយៈវិស័យទេសចរណ៍។

លោកស្រីអនុប្រធានមន្ទីរក៏បានរំលេចនូវតួនាទី និងភារកិច្ចសំខាន់ៗដែលទាំងអស់គ្នាត្រូវអនុវត្តផងដែរ ក្នុងនោះរួមមាន៖ ត្រូវបន្តលើកកម្ពស់សុវត្ថិភាពម្ហូបអាហារនិងភេសជ្ជៈ ការប្រើប្រាស់ផលិតផលក្នុងស្រុក អនាម័យសាធារណៈ បរិស្ថាន សណ្តាប់ធ្នាប់សង្គម ដែលបង្កើននូវភាពទាក់ទាញ ទេសចរផង និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋផង។ ត្រូវពង្រឹងគុណភាពសេវាកម្មឱ្យបានល្អប្រសើរ ជាមួយការរក្សាបាននូវតម្លៃសមរម្យ មានបដិសណ្ឋារកិច្ចល្អ តាមរយៈការអនុវត្តនូវគោលការណ៍ជាមូលដ្ឋាននៃការ ប្រកបអាជីវកម្មទេសចរណ៍ ដូចបានចែងក្នុងច្បាប់ស្តីពីទេសចរណ៍ និងលិខិតបទ ដ្ឋានគតិយុត្តិពាក់ព័ន្ធនានា ដែលធានាដល់និរន្តរភាពអាជីវកម្ម ការអភិវឌ្ឍជំនាញ ចំណូល និងភាពពេញចិត្តពីភ្ញៀវទេសចរ និងចូលរួមគាំទ្រ និងផ្សព្វផ្សាយ “យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង” (ឧសភា-តុលា) និងព័ត៌មានវិជ្ជមានពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដល់ភ្ញៀវទេសចរជា ពិសេសអន្តរជាតិ ស្របតាមទិសស្លោករបស់ឯកឧត្តមរដ្ឋមន្ត្រី “បុគ្គលម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់។

យ៉ាងណាក៏ដោយលោកស្រី ហស្ស ស័ករ៉ូហ្សា បានស្នើឲ្យមានការសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ និងគ្រប់ភាគីពាក់ព័ន្ធ ជាក់ស្តែងក្នុង ការអនុវត្តច្បាប់ ក៏ដូចជាសារាចរណែនាំផ្សេងៗ ដើម្បីចូលរួមចំណែកអភិវឌ្ឍ និង ពង្រឹងវិស័យទេសចរណ៍យើងឱ្យកាន់តែល្អប្រសើរឡើង ស្របតាមទិសស្លោករបស់ សម្តេចតេជោ “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍”
ចូលរួមសហការបង្កើតនូវព្រឹត្តិការណ៍ទេសចរណ៍ ដើម្បីបន្ថែមនូវផលិតផលក៏ដូច ជាសកម្មភាពទេសចរណ៍ ឱ្យកាន់តែសម្បូរបែបសម្រាប់មូលដ្ឋាន ក្នុងការទាក់ទាញ ភ្ញៀវទេសចរផង និងផ្សព្វផ្សាយពីវប្បធម៌ ប្រវត្តិសាស្ត្ររបស់យើងផង៕


