ខេត្តស្វាយរៀង ៖ ប្រធានក្រុមហ៊ុនម៉ៅការសំរាមក្រុងស្វាយរៀង លោក គង់ សុភី អាង មិនដឹងជាអាងអីទេ បានជាហ៊ានដឹកយកអាចម៌ដីមកចាក់លុបចំណីព្រែកដែលមានទទឹង ៣៦ម៉ែត្រ បណ្តោយ១០០ម៉ែត្រធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយផ្គើននឹងចំណាត់ការរបស់លោកអភិបាលក្រុងស្វាយរៀងខណៈលោកបានបញ្ជាឲ្យកាយយកអាចម៌ដីចេញវិញដើម្បីរក្សាដីចំណីព្រែកធម្មជាតិជាដីរបស់រដ្ឋ ប៉ុន្តែក្រុមហ៊ុនមួយនេះនៅតែចាក់ដីរំលោភដោយមិនខ្វល់នឹងចំណាត់ការរបស់រដ្ឋបាលក្រុងនោះទ្បើយ។

ពាក់ព័ន្ធករណីនេះ លោក គង់ សុភី ប្រធានក្រុមហ៊ុនម៉ៅការសំរាម ដែលបានចាក់អាចម៌ដីលប់ចំណីព្រែកអូរស្មាច់ធ្វើជាកម្មសិទ្ធិ បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ថា លោករង់ចាំ លោកអភិបាលរងខេត្តចុះមកពិនិត្យនិងឲ្យកាយត្រឹមណា ទើបលោកកាយ។
ចំណែកលោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានមានប្រសាសន៍ថា លោកមិនទាន់បានដឹងច្បាស់អំពីករណីនេះទេ ហើយសូមឲ្យអ្នកសារព័ត៌មានទាក់ទងទៅលោកអភិបាលក្រុងស្វាយរៀងពិនិត្យដោះស្រាយ។

លោកណុប ចំរើន អភិបាលក្រុងស្វាយរៀង បានមានប្រសាសន៍តាមទូរសព្ទ័ នារសៀលថ្ងៃដដែលនោះថា លោកបានដឹកនាំក្រុមការងារចុះទៅពិនិត្យម្តងរួចហើយ ហើយឃើញថា ក្រុមហ៊ុនគង់ សុភី បានចាក់អាចម៌ដីលប់ចំណីព្រែកធម្មជាតិអូស្មាច់ ទទឹង៣៦ម៉ែត្របណ្តោយ១០០ម៉ែត្រ និងខាងក្រោយដីមានប័ណ្ណទទឹង១៩ម៉ែត្របណ្តោយ២៥ម៉ែត្រ។រដ្ឋបាលក្រុងបានបោះបង្គោលកំណត់ព្រំដីរួចធ្វើកិច្ចសន្យាឲ្យឈ្មោះគង់សុភី យកគ្រឿងចក្រកាយយកអាចម៌ដី ចេញវិញ រក្សាស្ថានភាពដីចំណីព្រែកដូចដើមវិញ ដោយកំណត់ឲ្យកាយចាប់ពីថ្ងៃទី០៥ ខែសីហាឆ្នាំ២០២៥តទៅ ក៏ប៉ុន្តែឈ្មោះគង់ សុភី មិនអនុវត្តតាមកិច្ចសន្យា ដូច្នេះលោកនឹងចាត់ក្រុមការងារចុះទៅពិនិត្យវាស់វែងនិងបោះបង្គោលថ្ម ដកយកដីទទឹង៣៦ម៉ែត្របណ្តោយ១០០ម៉ែត្រទុកជាសម្បត្តិរបស់រដ្ឋវិញ។

ប្រជាពលរដ្ឋនៅភូមិចុងព្រែកសំណូមពរដោយទទូចសុំឲ្យរដ្ឋបាលក្រុងស្វាយរៀងអនុវត្តច្បាប់ម៉ឺងមាត់ទៅលើម្ចាស់ក្រុមហ៊ុនគង់សុភី ដែលបានចាក់អាចម៌ដីលុបព្រែកធម្មជាតិ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ ដោយមិនគួរលើកលែងនោះទ្បើយ។ ទន្ទឹមនោះស្នើឲ្យជំនាញធនធានទឹកថ្នាក់ជាតិចុះមកពិនិត្យមើលនិងចាត់វិធានការផង នៅពេលដែលព្រែកនិងចំណីព្រែកអូស្មាច់ ត្រូវគេជីកយកអាចម៌ដីលក់និងលុបដីយកធ្វើជាកម្មសិទ្ធិ ដែលធ្វើឲ្យព្រែកមួយនេះសល់ទំហំតូចទៅៗ ហើយស្ទើរតែបាត់បង់ព្រែកទៅហើយ។ យ៉ាងណាក៏ដោយប្រជាពលរដ្ឋរងចាំមើលថា តើអាជ្ញាធរហ៊ានប្រើធម៌ក្តៅដើម្បីការពារដីដែលជាសម្បត្តិរដ្ឋ ឬសម្បត្តិសាធារណៈត្រទ្បប់មកវិញបានដែរទេ បើគេដឹងថាថៅកែក្រុមហ៊ុនខាងលើនេះមានខ្សែមាំគ្រាន់បើដែរនោះ៕

