សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាជាប្រចាំរបស់ខ្លួន ក្នុងគោលបំណងត្រៀមលក្ខណៈសម្រាប់ឧបទ្វីបកូរ៉េ។

សមយុទ្ធ Ulchi Freedom Shield ប្រចាំឆ្នាំបានចាប់ផ្តើមនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ ហើយនឹងដំណើរការរហូតដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៥។ វាគឺជាសមយុទ្ធយោធារួមគ្នាលើកដំបូងចាប់តាំងពីប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae-myung ចូលកាន់តំណែងក្នុងខែមិថុនា។
យោធាកូរ៉េខាងត្បូងនិយាយថា សមយុទ្ធកំពុងធ្វើឡើងក្នុងកម្រិតដូចគ្នាពីបណ្តាឆ្នាំមុនៗ។ យោធាបន្តថាកងកម្លាំងទាំងពីរមានគោលបំណងពង្រឹងការត្រៀមខ្លួនប្រឆាំងនឹងនុយក្លេអ៊ែរ កាំជ្រួច យន្តហោះគ្មានមនុស្សបើក និងប្រភេទផ្សេងទៀតនៃការវាយប្រហារនៅពេលដែលកូរ៉េខាងជើងពង្រឹងទំនាក់ទំនងយោធារបស់ខ្លួនជាមួយរុស្ស៊ីកាន់តែស៊ីជម្រៅ។
ប្រហែលពាក់កណ្តាលនៃលំហាត់ហ្វឹកហ្វឺនលើទីលានប្រហែល ៤០ត្រូវបានពន្យារពេលរហូតដល់ខែក្រោយ។ មន្ត្រីយោធាកូរ៉េខាងត្បូងបាននិយាយថា ការសម្រេចចិត្តពន្យានេះបានធ្វើឡើងតាមការវាយតម្លៃដ៏ទូលំទូលាយនៃកំដៅខ្លាំង តម្រូវការដើម្បីរក្សាការត្រៀមខ្លួនការពារជាតិ និងកត្តាផ្សេងៗទៀត។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងជាច្រើនបានរាយការណ៍ថាការពន្យារពេលនេះអាចឆ្លុះបញ្ចាំងពីការពិចារណាសម្រាប់កូរ៉េខាងជើង ខណៈដែលរដ្ឋបាលលោក Lee ស្វែងរកការសន្ទនាគ្នាឡើងវិញជាមួយកូរ៉េខាងជើង។
ប៉ុន្តែលោកស្រី Kim Yo Jong ដែលជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong Un និងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សពលករបានលើកឡើងពីការពន្យារពេលសមយុទ្ធនេះ ដោយរំលេចនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុនថា ក្រុងព្យុងយ៉ាងបដិសេធមិនធ្វើការសន្ទនាជាមួយក្រុងសេអ៊ូល។ កូរ៉េខាងជើងប្រឆាំងយ៉ាងខ្លាំងចំពោះសមយុទ្ធរួមនេះ ហើយបានសង្កត់ធ្ងន់ថាខ្លួននឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការតបតនោះទេ។
យ៉ាងណាក៏ដោយយោធាអាមេរិក និងកូរ៉េខាងត្បូងកំពុងបង្កើនការប្រុងប្រយ័ត្ន និងការឃ្លាំមើលជុំវិញសកម្មភាពរបស់កូរ៉េខាងជើង៕

ដោយ៖ ពេជ្រ